​ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ទឹកឈូ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​អើពើ​បង្ក្រាប​ព្រោះ​ជា​ឆ្នាំងបាយ​របស់​ពួកគេ​

ខេត្ត​កំពត ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ប្រុស បើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែង​អាប៉ោង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា​មេឃុំ​ស្ទឹង​កែវ ក៏ដូចជា​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កែវ ព្រមទាំង​អភិបាលស្រុក​ទឹកឈូ និង​អធិការ​នគរបាល​ស្រុក​ទឹកឈូ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ជាបន្ទាន់​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ បានឲ្យដឹងថា មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ ប្រុស បាន​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​ក្នុង​ដីឡូត៍​មួយកន្លែង ហើយ​មាន​អ្នក​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរ​មក​ហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ថ្នាក់​ខេត្ត ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា នៅក្នុង​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​នោះ​មាន​អ្នកកាង​ឈ្មោះ វ៉ាន់ ហើយ​ឈ្មោះ វ៉ាន់ នោះ​ជា​សាច់ញាតិ​មន្ត្រី​មាន​ឥទ្ធិពល​ក្នុងស្រុក​ទឹកឈូ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹម​នឹង​នេះ​ឈ្មោះ វ៉ាន់ ជា​អ្នក​កាង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ក្នុង​ភូមិ​ត្រពាំង​កក់ បាន​អួតអាង​ប្រាប់​អតិថិជន​របស់​ខ្លួន​ថា ខ្លួន​បាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​បើ​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កែវ ក៏ដូចជា​អធិការនគរបាល​ស្រុក​ទឹកឈូ បានចាត់ទុក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​របស់​ឈ្មោះ ប្រុស ជា​ប្រភព​ចំណូល​របស់​ខ្លួន​ទើប​មិន​ចាត់​វិធានការ​បង្ក្រាប​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មោះ ប្រុស ជា​មន្ត្រី​នគរបាល បែរ​ជា​បើក​ល្បែងស៊ីសង​ខុសច្បាប់​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​កែវ បានឲ្យដឹងថា ចាប់តាំងពី​ឈ្មោះ ប្រុស បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​នៅ​ភូមិ​ត្រពាំង​កក់ ហើយ​មាន​ឈ្មោះ វ៉ាន់ ជា​អ្នក​កាង​គឺ​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​រាលដាល​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ចំណែក​មេឃុំ​ស្ទឹង​កែវ មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កែវ ក៏ដូចជា​អធិការនគរបាល​ស្រុក​ទឹកឈូ កំពុង​សម្ងំ​ទទួល​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *