(ខេត្តកំពត)៖ ជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណី(ប្រើប្រាស់លិខិតក្លែងក្លាយ) ប្រើប្រាស់ស្លាកលេខរដ្ឋក្លែងក្លាយបំពាក់លើរថយន្ត និងម៉ូតូ ដែលសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនកាលពីព្រឹកម្សិលមិញ ឥឡូវត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះហើយ។
ជនជាប់សង្ស័យទាំង២នាក់ ទី១-ឈ្មោះ ហិុន យុត្ថាណា (ហៅបារាំង) ភេទប្រុស អាយុ៥៥ឆ្នាំ, ទី២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៥៥ឆ្នាំ។ទាំងពីរនាក់រស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ជុំវិញករណីខាងលើ សមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា ការបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តកំពតឲ្យចាត់ការបន្តនេះ ដោយសារជនសង្ស័យ បានប្រើប្រាស់ឯកសារក្លែងក្លាយ ដូចជាបំពាក់ស្លាកលេខរដ្ឋក្លែងក្លាយទៅលើរថយន្ត(រដ្ឋ 07-2-6688 និងម៉ូតូ លេខក្លែងក្លាយ(រដ្ឋ 07-1-7777)។
សមត្ថកិច្ចបានបន្តថា ក្រោយពីសួរចម្លើយ ឈ្មោះ ហិុន យុត្ថាណា បានសារភាពថា កាលពីឆ្នាំ២០១៧ ខ្លួនបានចូលបម្រើការងារនៅក្នុងអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ(O.K.C.D)នៅខេត្តបន្ទាយមានជ័យ អស់រយៈពេល២ឆ្នាំ ហើយនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយទទួលបានមុខងារជាប្រធានត្រួតពិនិត្យទូទៅ។ក្រោយមកដោយមើលឃើញនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខ្លួនក៏តំណាងឲ្យប្រជាពលរដ្ឋចំនួន១៥០០គ្រួសារ ស្ថិតក្នុងឃុំត្រែងត្រយឹង និងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្នើសុំថ្នាក់ដឹកនាំឲ្យជួយផ្តល់ដីចំនួន១៣០១ហិកតា ដើម្បីសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ។លុះដល់ឆ្នាំ២០១៩ ខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាក ម៉ាកសឺដែស ពណ៌ស្ក ផលិតឆ្នាំ១៩៩៤ ពាក់ស្លាកលេខក្លែងក្លាយ រដ្ឋ07-2-6688 ពីមិត្តភក្តិឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ក្នុងតម្លៃ១៥០០ដុល្លារ។
ឈ្មោះ ហិុន យុត្ថាណា បានសារភាពទៀតថា ចំណែកម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ស ខ្លួនបានទិញពីឃ្លាំងនៅភ្នំពេញក្នុងតម្លៃ៦៥០ដុល្លារ ដោយខ្លួនបានធ្វើស្លាកលេខក្លែងក្លាយ រដ្ឋ07-1-7777 មកបំពាក់លើម៉ូតូតែម្តង។
ដោយឡែក បើតាមការសារភាពពីឈ្មោះ ចាន់ សុផល បានឲ្យដឹងថា កន្លងមកខ្លួនបានស្គាល់ជាមួយ ហិុន យុត្ថាយា អស់រយៈពេល១៨ឆ្នាំមកហើយ ព្រោះជាអ្នកភូមិជាមួយគ្នា។នៅដើមខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ហិុន យុត្ថាណា បានហៅខ្លួនឲ្យចូលបម្រើការងារនៅក្នុងអង្គភាពសហគមន៍អង្គការអភិវឌ្ឍន៍ខ្មែរ(O.K.C.D)មានតួនាទីជាជំនួយការ។ ចំណែកផ្លាកលេខរដ្ឋក្លែងក្លាយ រដ្ឋ07-1-5151 គឺទុកក្នុងកាបូបរបស់ខ្លួន ដោយស្លាកលេខនេះបានមកពីអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ ប៉ុន្តែខ្លួនមិនទាន់បានប្រើប្រាស់ទេ។
បន្ទាប់ពីបានចម្លើយសារភាព ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចក៏បាននាំយក ម៉ូតូ-រថយន្ត ដែលពាក់ស្លាកលេខ(រដ្ឋ)ក្លែងក្លាយទៅកាន់ស្នងការដ្ឋាននគរខេត្ត ដើម្បីអនុវត្តតាមនីតិវិធីផងដែរ។
ចំពោះករណីខាងលើនេះប្រជាពលរដ្ឋសូមកោតសរសើរដល់ក្រុុមសមត្ថកិច្ចដែលបានបំពេញការងារបានល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានទំនុកចិត្ត និងមានភាពកក់ក្តៅ៕