សាលា​ដំបូង​ខេត្ត​ខេត្តរតនគិរី សម្រេច​ឃុំ​ខ្លួន​ម្ចាស់​ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ក្រោយ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​

សាលាដំបូង​ខេត្ត​រតនគិរី នៅថ្ងៃទី៣ ខែធ្នូ​​ ឆ្នាំ​២០២៣ បាន​ចោទ​ប្រកាន់​ម្ចាស់​ឱសថស្ថាន​ «ពន្លឺ​សុខភាព​»​ នៅ​ក្រុង​បាន​លុង ​ឈ្មោះ លុយ ទី ដែល​មាន​តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ឡាបាន​សៀក​ ផងនោះ ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយ​ចាប់​ខ្លួន​បន្ទាប់​ពី​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ​សង្ស័យ​ប្រតិកម្ម​ជាមួយ​ថ្នាំ​។​

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់​ញាតិ​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១ ​ខែ​​ធ្នូ​ ឆ្នាំ​២០២៣ បាន​កោះ​ហៅ​ឈ្មោះ ​លុយ ទី​មក​សួរ​នាំ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក៏​បាន​ឃាត់​ខ្លួន​តែ​ម្តង​។​

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឱសថស្ថាន «ពន្លឺសុខភាព» បាន​ទទួល​អ្នក​ជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខ​របរ​កម្មករ​​ជ័រ​កៅស៊ូ ដែល​មាន​ប្រពន្ធ​ឈ្មោះ​ ឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មាន​ទី​លំនៅភូមិ២ សង្កាត់​កាចាញ ​ក្រុង​បាន​លុង​។​ ភរិយា​ជនរង​គ្រោះ​រៀប​រាប់​ឲ្យ​ដឹង​ថា ​ប្តី​គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ដួល​ម៉ូតូ​ ពេល​កំពុង​ដឹក​ជ័រ​កៅស៊ូ​យក​មក​ផ្ទះ​ដោយ​បោកត្រូវចំដើមទ្រូងហើយភ័យខ្លាចរបួសធ្ងន់ធ្ងរនោះ នៅ​រសៀល​ថ្ងៃ​ដដែល​ ក៏​នាំ​ប្តី​ទៅ​ព្យាបាល​នៅ​ឱសថស្ថានខាងលើ។

ភរិយា​ជនរង​គ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ូមប្តីគាត់អស់៤កំប្លោក ហើយ​ថែម​មួយ​កំប្លោក​ទៀត​ ប៉ុន្តែ​អ្នក​ជំងឺ​ធ្វើ​ទុក​ខ្លាំង​ក៏បានដកសេរ៉ូមចេញពីដៃ ក្នុងរយៈពេល៧ម៉ោង អ្នក​​ជំងឺ​មិន​បាន​ធូរ​ស្រាល​សោះ។​ ឃើញ​សភាព​បែប​នេះ​ក្រុម​គ្រួសារ ​បាន​សុំ​គ្រូ​ពេទ្យ​យក​អ្នក​ជំងឺ​ចេញ​ តែ​ប្រធាន​គ្រប់​គ្រង​នៅ​ទីនោះ​មិន​ព្រមឲ្យយកអ្នកជំងឺចេញ ហើយ​ថែម​ទាំង​ប្រាប់ថា គេ​ចេះ​ព្យាបាលហើយ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​គ្រូ ​ពេទ្យ​ឱសថស្ថាន «ពន្លឺ​សុខភាព» បាន​អះ​អាង​នោះ ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ​ ពោល​គឺ​អ្នកជំងឺមានអាការៈធ្ងន់ធ្ងរប្រកាច់ទាំងដៃជាប់សេរ៉ូម រហូត​ដាច់​ខ្យល់​ស្លាប់​ទើប​ព្រម​ឲ្យ​យក​សព​ចេញ​ទៅ​ផ្ទះ​។​

តាមសេចក្ដីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា លោក លុយ ទី ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ធ្លាប់ជាប់ពន្ធនាគារម្តងរួចហើយ ករណីឃុបឃិតជាមួយបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់ មានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្តីសម្រេចមួយដោយបិទបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ស៊ឹម សនឡៃ ដែលជាឪពុកក្មេករបស់ឈ្មោះ លុយ ទី។ ឱសថស្ថាន «ពន្លឺសុខភាព» លក់ថ្នាំពេទ្យ ឈរ ឈ្មោះដោយឱសថការី ស៊ឹម រតនា ប៉ុន្តែទទួលឲ្យអ្នកជំងឺចូលសម្រាកព្យាបាលជាហូរហែ ព្រោះនៅជាប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺរបស់លោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត ដូច្នេះបុគ្គលិកធ្វើការនៅជាមួយគ្នាចល័តទៅមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *