(បាត់ដំបង) ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧ ៖០៨ នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី ណាវ សាន់តារា បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់ដបកែវគប់ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន ។
ជនសង្ស័យទី១ ឈ្មោះ ហុង គីមហៃ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជនសង្ស័យទី២ ឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣ ៖ ៤៣ នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ នាក់ខាងលើ បានធ្វើសកម្មភាពឈរចាំស្ទាក់ជនរងគ្រោះដែលកំពុងជិះម៉ូតូ និងបានយកដបកែវ គប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ចំណាន វឌ្ឍនា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ត្រង់សៀតផ្កាខាងឆ្វេង រយះចេញឈាម ដេរចំនួន ០៨ ថ្នេរ និងហើមជាំ ក្រោយពីបានធ្វើសកម្មភាពគប់រួច ជនសង្ស័យទាំង ០២ នាក់ បានពួន និងកាន់កាំបិតខ្វែវចាំកាប់ថែមទៀត ។
មូលហេតុដែលបង្កឱ្យមានករណីខាងលើនេះកើតឡើង គឺជនសង្ស័យមានការភាន់ច្រឡំទៅលើជនរងគ្រោះថា ជនរងគ្រោះបានគប់ដុំថ្មទៅលើខ្លួនមុន ។
វត្ថុតាងដកហូតរួមមាន អំបែងដបកែវ កាំបិតខ្វែវដងដែក ចំនួន ០១ ដើម ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕