​បរិស្ថាន​បៃតង​នាំមក​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​

(​ខេត្ត​កំពត​)៖ មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ការងារ​បរិស្ថាន ជា​កិច្ចការ​ដែល​ត្រូវបាន​ពិភពលោក​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ក្របខណ្ឌ សហគមន៍ -​សង្គមជាតិ -​តំបន់ និង​ពិភពលោក ត្រូវ​បន្ត​ចូលរួម​ពង្រឹង ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ ព្រោះ​បរិស្ថាន​ល្អ​រក្សាបាន​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ដោយ​ចីរភាព​។​

​ថ្លែង​នៅក្នុង​ពិធិ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន ពិភពលោក ០៥​មិថុនា​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ « ការបំពុល​ខ្យល់​» ដែល​រដ្ឋបាល​ខេត្ត​ក្រោម​កា​រៀបចំ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​នៅ​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​ក្រុង​កំពត​ខេត្ត​កំពត លោក សូ​ត យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន ពិភពលោក ៥​មិថុនា តែង​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ភាពចាំបាច់​និង​សារប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស ជីវៈចម្រុះ​និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យបាន​សមស្រប សំដៅ​កែប្រែ​ផ្នត់គំនិត​និង​ឥរិយាបថ​មហាជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យទៅ​ជា​កម្លាំងចលករ ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​លើ​ភពផែនដី​ស្របទៅតាម​ទស្សនាទាន​«​ការអភិវឌ្ឍ​ដោយ​ចីរភាព​»​។​

​លោក សូ​ត យា អនុរដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់ថា សព្វថ្ងៃ​នេះ​កម្ពុជា និង​ពិភពលោក កំពុង​ប្រឈម​បញ្ហា​បរិស្ថាន​ចម្បងៗ​មាន​អាទិ៍ ការកើនឡើង​កំដៅ​ផែនដី​-​គ្រោះ​រាំងស្ងួត​និង​ទឹកជំនន់​-​ការបាត់បង់​ព្រៃឈើ​និង​ជីវៈចម្រុះ​-​កង្វះ​ទឹកស្អាត​និង​ថាមពល​-​ជម្ងឺឆ្លង​និង​សន្តិសុខ​ស្បៀង​ជាដើម​។

​ដូចនេះ​នៅ​ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល កម្ពុជា​មិន​បាន​ព្រងើយកន្តើយ​ដោយបាន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ថែរក្សា​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ដោយ​ចីរភាព ឆ្លើយតបបាន​ទៅនឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នៃ បម្រែបម្រួល​អាកាសធាតុ​កម្ពុជា​២០១៤-២០២៣ ក្នុង​ចក្ខុវិស័យ​គាំទ្រ​កម្ពុជា​អភិវឌ្ឍ​ឆ្ពោះទៅ​សង្គម​មួយ​បៃតង ដែល​បញ្ចេញ​កាបូ​និក​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ សមធម៌ ចីរភាព និង​ដោយ​ពឹងផ្អែក​លើ​ចំណេះដឹង​ជា​គោល ដើម្បី​ជា​ត្រីវិស័យ​តម្រង់​ទិស​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។​

​នៅ​ឱកាស​នោះ​ដែរ​លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត ក្នុង​នាម​រដ្ឋបាល​ខេត្ត​ក៏​បាន​មានប្រសាសន៍​អំពាវនាវ​ប្រជា​ពល​ទូទៅ សូមឱ្យ​មាន​ការចូលរួម​ទាំងអស់គ្នា​ក្នុង​កិច្ច​គាំពារ បរិស្ថាន​និង​ជីវៈចម្រុះ ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន ឱ្យ​មាន​សភាព​ស្រស់ស្អាត​សមជា​ខេត្ត​ទេសចរណ៍​ទំនើប​មួយ​ពិសេស​ក្នុង​ក្រុង​កំពត ត្រូវតែ​ស្អាត​ឱ្យ​សម​ជា​ទីក្រុង​គំរូ ព្រោះ​បរិស្ថាន​បៃតង់​ល្អ​ស្អាត​រក្សាបាន​នូវ​សុ​វត្តិភាព វឌ្ឍនភាព និង​ភាព​រស់នៅ​ដោយ សុខដុមរមនា​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *