ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបានជាង ៤ម៉ឺនតោន បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ១ពាន់តោន

(កំពង់ឆ្នាំង) ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយសម្បូរត្រី ដោយសារតែខេត្តនេះ ស្ថិតជាប់នឹងបឹងទន្កេសាប ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីទឹកសាប បានជាង ០៤ ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។

លោក លី ឡា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបាន ចំនួន ៤១.១៦៥ តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង ចំនួន ១.០០០ តោន ។ លោកនាយខណ្ឌ បានបញ្ជាក់ថា ការកើនឡើងនៃផលត្រីនេះ ដោយកត្តាធម្មជាតិ និងបទល្មើសមានការថយចុះ ។

លោក លី ឡា បានឱ្យដឹងទៀតថា កន្លងទៅនេះ មន្ត្រីជំនាញរដ្ឋបាលជលផល គ្រប់លំដាប់ថ្នាក់ បានសហការជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងធ្វើការបង្ក្រាបជាក់ស្តែងរាល់បទល្មើសនេសាទ ដែលជនខិលខូចមួយចំនួន លបលួចធ្វើសកម្មភាព នៅតាមដែននេសាទនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។

លោក បានឱ្យដឹងបន្ថែមទៀតថា សម្រាប់ទិសដៅការងារ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៤ នេះ តាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និបាតប្រចាំឆ្នាំកន្លងទៅថ្មីៗនេះ គឺសន្តិសុខស្បៀង និងនិរន្តរភាព ។

ទោះបីវិស័យជលផល ទ្រទ្រង់ក្នុងវិស័យសន្តិសុខស្បៀងយ៉ាងណាក្តី ចាំបាច់ត្រូវតែមាននិរន្តរភាព ។ បានន័យថា ធនធានជលផលត្រូវតែប្រើប្រាស់ ប្រកបដោយតម្លាភាព និងនិរន្តរភាព សម្រាប់តទៅកូនចៅ របស់យើងជំនាន់ក្រោយៗទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *