(ក្រចេះ) ៖ ផ្លូវមួយខ្សែក្នុងខេត្តក្រចេះ ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ផ្លូវនេះតាំងពីសង្គមចាស់ត្រូវបានស្ថាបនាឡើងសារជាថ្មីបានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ មកដល់ត្រឹមខែមករា ឆ្នាំ២០២៤ សាងសង់សម្រេចបានលទ្ធផល២២%ហើយ។ នេះយោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តក្រចេះ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គដែលអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រេីនថែមទៀត ហេីយផ្លូវនេះគឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ដែលផ្លូវមួយខ្សែនេះ អាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ , រមណីយដ្ឋានទឹកជួរកាំពី ,ទៅទស្សនាវិហារសសរ ១០០ , និងតំបន់ទេសចរណ៍ផ្សេងៗជាច្រេីនទៀត។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះបាននិងកំពុងកសាងពង្រីកផ្លូវថ្នល់ ស្ថិតក្រោមគម្រោង RCIP បានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ផ្លូវខេត្តលេខ៣៧៧ (ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ) ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ដែលមានស្ពាន ៩កន្លែង ប្រវែងសរុប៤១៣ម៉ែត្រ សម្រេចបានលទ្ធផល២២% គិតត្រឹមខែមករា ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុន POLY Chanda Engineering Co.,Ltd ។
តាមការឲ្យដឹងពីលោក សង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ថា កំណាត់ផ្លូវខេត្តលេខ ៣៧៧ គិតចាប់ពីភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ទៅដល់វត្តវិហារសសរ ១០០ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះមានប្រវែងសរុប ៣៥ គីឡូម៉ែត្រ នឹងត្រូវលើកកម្រិតពីទទឹងផ្លូវទំហំ ៥ ម៉ែត្រ ទៅជាទទឹងផ្លូវទំហំ ៨ ម៉ែត្រ ផ្លូវក្រៅទីប្រជុំជន និងទទឹង ផ្លូវទំហំ ៩ ម៉ែត្រ ផ្លូវក្នុងទីប្រជុំជន ហេីយរយៈពេលសាងសង់ ១៨ ខែ និងត្រូវថែទាំរយៈពេល ៦០ ខែ៕