ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៤នាក់ និងរកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម នៅខេត្តកំពត

(កំពត) ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តកំពត បានប្រើរយ:ពេល ០២ ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ស្ថិតក្នុងបណ្តាញបក្ខពួកតែមួយ និងដកហូតគ្រឿងញៀនបានជិត ០៣ គីឡូក្រាម ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីចែកចាយគ្រឿងញៀនក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូង លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានបញ្ជាដល់លោកវរសេនីយ៍ឯក ទឹម សុភាព ឱ្យចុះស៊ើបអង្កេត ស្រាវជ្រាវ និងដាក់កម្លាំងឃ្លាំមើលភ្លាមៗ ។ មិនយូរប៉ុន្មាន ស្រាប់តែឃើញជនសង្ស័យម្នាក់ មកចែកចាយនៅចំណុចផ្លូវបេតុងក្នុងភូមិសុវណ្ណសាគរ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជាមួយគ្រឿងញៀន ០១ កញ្ចប់ ។

ប្រភពដដែល បានបញ្ជាក់ថា តាមរយ:ជនសង្ស័យរូបនេះ សមត្ថកិច្ចក៏ឈានទៅរកឃើញបក្ខពួកចំនួន ០២ នាក់ បន្ថែមទៀត គឺម្នាក់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០១ ៖ ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ពេលកំពុងធ្វើសកម្មភាពនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ដោយដកហូតគ្រឿងញៀនបាន ០១ កញ្ចប់ ។ ចំណែកម្នាក់ទៀត សមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង ០៥ ៖ ៣០ នាទីព្រឹកថ្ងៃទី២០ ខែមករា ស្ថិតក្នុងភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ជាមួយគ្រឿងញៀន ០៣ កញ្ចប់ ។

មន្ត្រីការិយាល័យជំនាញ បានបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៣ នាក់ កម្លាំងជំនាញ នៃស្នងការដ្ឋានខេត្តកំពត បានសុំពន្លាតដែនសមត្ថកិច្ចដោយតាមចាប់មេខ្លោងបាននៅវេលាម៉ោង ០៣ ៖ ៣០ នាទីរសៀល ថ្ងៃទី២០ ខែមករា ខណ:ពេលកំពុងស្នាក់នៅក្នុងផ្ទះនាភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ នៅនឹងផ្ទះមេខ្លោងរូបនេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន ០២ កញ្ចប់ធំ និង ០៧ កញ្ចប់តូច ។

លោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង ០៤ នាក់ រួមមាន ១. ឈ្មោះ ង៉ែត រស្មី ហៅកើយ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ជាមេខ្លោង, ២. ឈ្មោះ សែម សារឿន ហៅចាប ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត, ៣. ឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត, ៤. ឈ្មោះ ដុង ឆានុន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣ កញ្ចប់ ទម្ងន់ ២.៨៥១,៣៧ ក្រាម, ម៉ូតូ ០៣ គ្រឿង, ទូរសព្ទដៃ ០៦ គ្រឿង, ជញ្ជីងអេឡិចត្រូនិក ០១ គ្រឿង និងថង់ប្លាស្ទិកមួយចំនួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *