កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមធាក់ប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់ ១៨នាក់

(ភ្នំពេញ) ៖​ ជនសង្ស័យចំនួន ១៨ នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស បានប្រើកាំបិតប៉័ងតោល កាប់ទៅលើជនរងគ្រោះ និង​លួចមានស្ថានទង្ងន់ទោស (ធាក់ប្លន់យកម៉ូតូ ) និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នាំមកបង្ហាញមុខរួមគ្នាជាសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។

លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ១៨ នាក់​ ពីបទ​ល្មើស​ដោយ​ឡែក​ពីគ្នា និងដកហូតបានម៉ូតូទាំងអស់ ចំនួន ០៩ គ្រឿង កាំបិតប៉័ងតោ ចំនួន ០៣, ដុំថ្មចំនួន ០៣ ដុំ និងកាំភ្លើងខ្លី (ប្រើប្រាស់​ហ្គាស)​ ម៉ាកឡុក ១៧ មួយដើម ។

លោកនាយការិយាល័យ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណី​នេះកម្លាំងនគរបាលការិយាល័យកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនើង ចំនួន ០៦ នាក់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ០៣ ករណីផ្សេងគ្នា ប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស​ និង​ធ្វើឱ្យខូចខាតដោយចេតនាមាន​ស្ថាន​ទម្ងន់​ទោស​ និង​កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ ។

ក្រៅពីនេះនគរបាល​ខណ្ឌ​ឫស្សី​កែវ​ សហការជាមួយការិយាល័យ ស្រាវជ្រាវ ឃាត់ខ្លួនក្រុម​ក្មេង​ទំនើង​ (រហ័ស​នាម​ NY3) ចំនួន ០​៧ នាក់ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពីបទហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទង្ងន់ទោស (យកកាំបិតប៉័ងតោលកាប់ជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូ ប្រព្រឹត្តិកាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និង ០៥ នាក់ទៀត កម្លាំង​នគរបាលខណ្ឌកំបូល សហការជាមួយការិយាល័យ ស្រាវជ្រាវជនសង្ស័យ​ ចំនួន ០​៥ នាក់​ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធបទលួចមានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តិហិង្សា (ធាក់ផ្តួលប្លន់យកម៉ូតូ) ចំនួន ០៣ ករណីផ្សេងគ្នា ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនមកកាន់ការិយាល័យ បង្ហាញមុខរួមគ្នា រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *