បុរសជាប្តីប្រើកាំបិតកាប់ជា​ច្រើនកាំបិតទៅប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែភ្លើងប្រចណ្ឌ

(បាត់ដំបង) ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១​ ៖ ​៤០ នាទី នៅចំណុចក្រុមទី៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអំពើហិង្សាក្នុងគ្រួសារមួយកើតឡើង បង្កដោយប្ដីឈ្មោះ ង៉ុយ សឿន អាយុ ៥៤ ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នភូមិឃុំកើតហេតុខាងលើ បានយកកាំបិតកាចែត កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ទី ស្រីណេត ហៅតយ អាយុ ៣៦ ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ចំនួន ០៣ កាំបិត ត្រូវត្រង់ចំ​ណុចក្បាលផ្នែកខាងក្រោយ ០១ កាំបិត ស្មាខាង​ស្ដាំ ០​១ កាំបិត និងត្រូវខាងក្រោយខ្នង ០១ កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ដោយទទួលបានព័ត៌មាននេះភ្លាម និងស្របតាមបទបញ្ជារបស់ លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាលផែ្នកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង ចុះទៅធ្វើការឃាត់ខ្លួនជនសង័្សយជាប្តី នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ដោយដកហូតបានកាំបិត (ធំមួយ) ជាមធ្យោបាយ ប្រព្រឹត្តិអំពើល្មើសនេះផង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលដែលបានសួរថា មូលហេតុអ្វីទើបកើតអំពើហិង្សាទាំងកណ្តាលរាត្រីបែបនេះ? ជនសង័្សយរូបនេះបានឆ្លើយសារភាពថា មូលហេតុដែល​នាំទៅដល់ការប្រើប្រាស់អំពើហិង្សាបែបនេះទៅលើភរិយាជាទីស្រឡាញ់ទាំងកណ្តាលរាត្រីបែបនេះ គឺដោយ​សារតែរឿងប្រចណ្ឌខ្លាំងពេក និងធ្លាប់មានជម្លោះជាច្រើនលើកច្រើនសារកន្លងមកហើយ ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ស្ត្រីជាភរិយាត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ និងកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីឯបុរសជាប្តីត្រូវបានសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ​ អនុវត្តទៅតាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *