ឆ្នាំ២០២៣ ខេត្តក្រចេះ មានកូនផ្សោតកើតថ្មី៦ក្បាល ដែលជាផ្នែកមួយ ក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី២០២៤នេះ

(ខេត្តក្រចេះ) ៖ រដ្ឋបាលខេត្តក្រចេះ បានលើកឡើងថា កូនផ្សោតកើតថ្មី ចំនួន ០៦ បន្ថែម កាលពីឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូល ដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី២០២៤ នេះ ។

វត្តមានរបស់ផ្សោតកើតថ្មី ចំនួន ០៦ បន្ថែមទៀត ក្នុងខេត្ដស្ថិតនៅតំបន់ខ្ពង់រាប ភូមិភាគឦសាន្ដនេះ ធ្វើឱ្យប្រជាសហគមន៍ អាចបង្កើនប្រាក់ចំណូលមួយកម្រិតទៀត តាមរយៈវិស័យទេចរណ៍ ហើយសត្វផ្សោត ជាកត្តាចង្អុលបង្ហាញមួយអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិ ដែលផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ ។

គួររំលឹកផងដែរថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទ ស្ថិតក្នុងចំណោម ០៦ ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់លើពិភពលោក ។

សូមបញ្ជាក់ថា ខេត្ដក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាប ភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ១៤០ គីឡូម៉ែត្រ សម្បូរអន្លង់ជម្រកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ ចំនួន ៦២ អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោត ចំនួន ០៥ កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវៈចម្រុះ ជាតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ គឺចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង ៨៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *