អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនឆ្លងខេត្តចាប់ខ្លួនជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាម

(ភ្នំពេញ) ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣ នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ០២ គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។

ជនសង្ស័យទាំង ០៣ នាក់ រួមមាន ១.ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ ៣១ ឆ្នាំ ២.ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ ៤០ ឆ្នាំ និង៣.ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចចាប់យកបានវត្ថុតាង រួមមាន ក្រាមពណ៌សថ្លា ចំនួន ២១ កញ្ចប់ (៤កញ្ចប់ធំ), សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន (ដបកែច្នៃ), ជញ្ជីងថ្លឹង ០២ គ្រឿង, សម្ភារវេចខ្ចប់ និងថង់ច្រកមួយចំនួន ។

បន្ទាប់មកដោយបានការសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដីទៅខេត្តកំពង់ស្ពឺ ដោយបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅហ្គាស់ ជាមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជសង្ស័យបានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ធំបន្ថែមទៀត ដែលសរុបមុនក្រោយ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន ក្រាមពណ៌សថ្លាចំនួន ៣១ កញ្ចប់តូចធំ ស្មើនឹងជាង ០២ គីឡូក្រាម (២,០៤០.៩១ក្រាម) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *