ស្នងការខេត្តកំពង់ស្ពឺ ណែនាំឱ្យអធិការ មេប៉ុស្តិ៍ គ្រប់ស្រុក-ក្រុង រឹតបន្តឹងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងអេឡិចត្រូនិក ដែលឆ្នោតវៀតណាមកំពុងជ្រកកោន

(កំពង់ស្ពឺ) ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បានលើកឡើងថា ល្បែងបៀ អាប៉ោង ជល់មាន់ បើមានលេងនៅក្នុងមូលដ្ឋានរបស់ខ្លួន មេភូមិ មេឃុំ មេប៉ុស្តិ៍ មិនបាច់ឆ្ងល់អីច្រើនទេ ធ្វើការបង្ក្រាបទៅ មិនបាច់ពិបាកក្នុងការសុំគោលការណ៍អ្វីនោះទេ។ មួយទៀតត្រូវពិនិត្យរាល់ឯកសារពាក់ព័ន្ធរបស់អ្នកបើកអាជីវកម្មល្បែងស៊ីសងអេឡិចត្រូនិក បើគ្មានច្បាប់អនុញ្ញាតក៏មិនត្រូវលើកលែងដែរ។

លោក សម សាមួន បានលើកឡើងថា កន្លងទៅថ្នាក់អធិការ មេប៉ុស្តិ៍ ស្រុក-ក្រុង ផ្សេងៗ តែងយល់ថា ល្បែងស៊ីសងអេឡិចត្រូនិក(ឡូតូ) បានអនុញ្ញាត និងមានច្បាប់ ហើយមិនបាច់ទៅពិនិត្យ ឬបង្ក្រាបទេ តែមិនមែនអញ្ចឹងទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអនុញ្ញាត និងចេញច្បាប់ឱ្យហើយ។ ប៉ុន្តែត្រូវមើលឯកសារក្រសួងមហាផ្ទៃ មានមួយឃ្លាដែលក្រសួងបានកំណត់ឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវតែទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ដើម្បីសុំទីតាំងក្នុងការបើកលេង និងនៅក្នុងច្បាប់អនុញ្ញាតរបស់ក្រសួង បានកំណត់ឱ្យចេញប៉ុន្មានដងក្នុងមួយថ្ងៃ។

លោកថា ក្នុងច្បាប់ មិនបានឱ្យចេញ៥-៦ដងក្នុងមួយថ្ងៃនោះទេ ក្រសួងបានកំណត់រួចហើយ ដោយឱ្យចេញម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប៉ុន្មានលេខ និងប៉ុន្មានខ្ទង់់ ស្របទៅតាមច្បាប់របស់ក្រសួង តែបើចេញលើសពីនេះគឺខុសច្បាប់ហើយ។ ចំពោះថវិកាចំនេញដែលបានពីការចេញឡូតូម្តង ឬពីរដងនេះ វានឹងរត់ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនេយ្យថវិកាជាតិនៅក្នុងក្រសួង។

លោក សម សាមួន បានបញ្ជាក់ថា បច្ចុប្បន្នឆ្នោតឡូតូដែលកំពុងបើកលេងនៅក្នុងមូលដ្ឋានស្រុក ក្រុង ក្នុងខេត្តគឺចេញ៥ទៅ៦ដង ឬលើសពីនេះដែលជាហេតុមិនពិបាកក្នុងការពិចារណាក្នុងការបង្ក្រាបនោះទេ គឺខុសច្បាប់ហើយ។ មួយវិញទៀតឆ្នោតវៀតណាមក៏បាននិងកំពុងជ្រកក្រោមស្លាបល្បែងស៊ីសងអេឡិចត្រូនិក(ឡូតូ)នេះដែរ ដែលកម្លាំងទាំងអស់នៅតាមស្រុក-ក្រុងចាំបាច់ត្រូវតែពិនិត្យឱ្យបានម៉ឺងម៉ាត់ និងបង្ក្រាបឱ្យខានតែបានចំពោះបទល្មើសនៃល្បែងស៊ីសងគ្រប់ប្រភេទ និងល្បែងឡូតូនេះ ប៉ុន្តែក្នុងករណីបង្ក្រាបក៏ត្រូវគិតពីសុវត្ថិភាពអ្នកលេង ឬអ្នកដែលត្រូវបង្ក្រាបផងដែរ ចៀសវាងការទទួលរងគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា កន្លងមកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏ធ្លាប់បានលើកឡើងជុំវិញករណីនេះផងដែរ ដោយលោកបញ្ជាក់ថា លោកមិនបានចុះហត្ថលេខា ឬឯកភាពឱ្យល្បែងស៊ីសងណាមួយឱ្យបើកលេងនៅក្នុងខេត្តនោះទេ។ រាល់ល្បែងស៊ីសងទាំងអស់ ទោះជាគ្មានច្បាប់ ឬមានច្បាប់ សុទ្ធតែបំផ្លាញផលប្រយោជន៍ និងសេចក្តីសុខពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងអស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *