ឆេះរថយន្តកំពុងដឹកសិស្សសាលា ១គ្រឿង នៅខេត្តកំពង់ស្ពឺ ខណៈកំពុងបើកបរដឹកសិស្សចេញពីសាលាជូនទៅដាក់តាមផ្ទះវិញ

(កំពង់ស្ពឺ) ៖ រថយន្តដឹកសិស្សសាលាឯកជន ០១ គ្រឿង បានឆាបឆេះ ខណៈកំពុងបើកបរដឹកសិស្សចេញពីសាលាជូនទៅដាក់តាមផ្ទះវិញ នៅវេលាម៉ោង ១០ ៖ ២០ នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន ថា រថយន្តដែលរងការឆាបឆេះនេះ ជារថយន្តដឹកសិស្សនៃសាលារៀនឯកជន ដែលមានទីតាំងក្នុងស្រុកគងពិសី ។ រថយន្តនេះមានម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2X -2304 បើកបរដោយឈ្មោះ កើក ហោ ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ករណីរថយន្តនេះ ខណៈកំពុងបើកបរដឹកកូនសិស្សតូចៗប្រមាណ ២៣ នាក់ ចេញពីសាលាខាងលើ ក្នុងទិសដៅពីខាងត្បូងទៅជើង ដើម្បីយកសិស្សទៅដាក់តាមផ្ទះវិញ ។ ខណៈកំពុងធ្វើដំណើរលើផ្លូវ ស្រាប់តែរថយន្តនេះបានឆាបឆេះឡើងបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ។

ក្នុងឧបទ្ទវហេតុនេះ សិស្សទាំង ២៣ នាក់ ត្រូវបានសង្គ្រោះ មិនមានសិស្សណាម្នាក់រងរបួសនោះទេ រួមទាំងអ្នកបើកបរផងដែរ ។

ករណីនេះ សមត្ថកិច្ចជំនាញបានអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់មួយរថយន្តដើម្បីបាញ់ពន្លត់រថយន្តដឹកសិស្ស ទើបភ្លើងរលត់ទៅវិញ ។

សមត្ថកិច្ចសន្និដ្ឋានបឋមថា ផ្តើមចេញការឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ទើបបង្កឱ្យមានឧបទ្ទវហេតុឆាបឆេះ ។

បច្ចុប្បន្ន ករណីនេះកើតមានញឹកញាប់ណាស់ ទៅលើរថយន្តចាស់ដែលមានការដំឡើង និងកែច្នៃខុសបច្ចេកទេស ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *