(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ដឹកនាំដោយ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុសស្រីចំនួន ៣៧នាក់ (ចិន៣៥នាក់ វៀតណាម២នាក់) រួមនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិត ដំបងឆក់ ថ្នាំញៀន និងវត្ថុតាងមួយចំនួនផ្សេងទៀត។
ជនរងគ្រោះជនជាតិចិន ភេទប្រុស បានរងរបួសធ្ងន់ធ្ងរដោយកាំបិត និងបានបាត់បង់ជីវិត ក្រោយការសង្គ្រោះអស់លទ្ធភាព។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចទល់មុខអាគារ ប៊ូយ៉ុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនបរទេសទាំងអស់នោះ បានផឹកស៊ីជុំគ្នា និងមានប្រើប្រាស់គ្រឿងញៀនទៀតផង។ ក្រោយមកក៏មានទំនាស់គ្នារឿងលុយជំពាក់ ក៏កើតជាជម្លោះ ដេញវាយគ្នាពេញក្នុងអាគារកើតហេតុ តាំងពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី។ ពេលនោះបុរសជាជនដៃដល់ បានដកកាំបិតចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិត រួចបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រីឯបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនទៅសំងំនៅជាន់ខាងលើ។ ភ្លាមនោះដែរ អ្នកប្រចាំការនៅក្នុងអាគារ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកបង្ក្រាបតែម្ដង។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣៧នាក់ ដកហូតវត្ថុតាងមួយចំនួន និងបើកការស្រាវជ្រាវ តាមឃាត់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕