(វៀតណាម) ៖ ច្រកព្រំដែនមួយនៅក្នុងខេត្ត យូណាន ភាគនិរតីប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម បានកំពុងតែមើលឃើញនូវកំណើននៃការនាំចូលផ្លែទុរេនពីប្រទេសវៀតណាម ខណៈវៀតណាមបានផ្តោតការនាំចេញផ្លែទុរេនមួយផ្នែកធំសម្រាប់ទីផ្សារប្រទេសចិន ដែលបានជួយជំរុញដល់ដំណើរការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សន្ទុះនៃកំណើននាំចេញនេះ បានកើតឡើងនៅបន្ទាប់ពីប្រទេសចិនបានយល់ព្រមឱ្យមានការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមកាលពីខែកក្កដាឆ្នាំទៅមិញ ដែលបានធើ្វឱ្យច្រកព្រំដែន Hekou បានក្លាយជាច្រកនាំចូលយ៉ាងសំខាន់នូវប្រភេទផ្លែទុរេនពីប្រទេសវៀតណាមសម្រាប់បន្តចែកចាយទៅលក់បន្តនៅក្នុងទីផ្សារប្រទេសចិន។
យោងតាមសមាគមបន្លែផ្លែឈើរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសរបស់ខ្លួនបានសម្រេចការនាំចេញផ្លែទុរេនសរុបក្នុងតម្លៃជាទឹកប្រាក់ប្រមាណជា ២.១ពាន់លានដុល្លារអាម៉េរិក នៅចន្លោះខែមករារហូតដល់ខែតុលា ដោយក្នុងនោះមានជិត ១.៩ពាន់លានដុល្លារបានមកពីទីផ្សារប្រទេសចិន។
គួរជម្រាបដែរថា បច្ចុប្បន្ននេះវៀតណាមគឺជាប្រទេសអ្នកផ្គត់ផ្គង់ផ្លែទុរេនដ៏ធំបំផុតមួយរបស់ប្រទេសចិន ដោយនៅក្នុងប្រទេសវៀតណាម មានទីតាំងកសិដ្ឋានដាំដុះទុរេនសរុបប្រមាណជា៤២២កន្លែង និងទីតាំងវេចខ្ចប់សរុបចំនួន ១៥៣កន្លែង ដែលទទួលបានសិទ្ធិសម្រាប់ការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន។
បើតាមរបាយការណ៍សិក្សាមួយធ្លាប់បានបង្ហាញថា ចំណង់ចំណូលចិត្តពលរដ្ឋចិនក្នុងការបរិភោភផ្លែទុរេន មានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលបានជំរុញឱ្យការនាំចូលទុរេនមានការកើនឡើងពីបណ្តាប្រទេសជិតខាងក្នុងតំបន់ រួមមានដូចជា ប្រទេសវៀតណាម និងថៃឡង់ដ៍ជាដើម៕