រថយន្តដឹកប្រហិត​ជាង​ ២​តោន ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន

(កំពង់ឆ្នាំង) ៖ ប្រហិត​ខុសច្បាប់​ជាង ​០២​ តោន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង ស្ទាក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​ ០១​ ៖ ​៣០ ​រសៀល ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១ និង​៧២ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ​។ ចំណែក​វត្ថុ​តាង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

លោក នួន សុភ​ក្តី នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា ដោយអនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​សម្របសម្រួល​របស់​ លោកស្រី ភី ស៊ី​ថង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​រថយន្ត​ ម៉ាកធុន​ដ្រា ០​១​ គ្រឿង ពណ៌​ស ពាក់ផ្លាក​លេខ ភ្នំពេញ​ 2BM-9649 ដែល​ដឹក​ប្រហិត​ចម្រុះ​ជាង ០​២​ ​តោន ចេញពី​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​រាជធានីភ្នំពេញ​ ។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​មានឈ្មោះ ពេជ្រ ភារ​ម្យ មាន​ទីលំនៅ​ភូមិ​បាណ​ន់ ស្រុក​សង្កែ​ ខេត្តបាត់ដំបង និង​ព្រូរ​រថយន្ត​ម្នាក់​ទៀត ​។ ចំពោះ​វត្ថុ​តាង និង​មនុស្ស​ ០២​ នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មន្ត្រី​ជំនាញ​ នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​​​ ។

មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ប្រហិត​ចម្រុះ​ខាងលើ​នេះ គឺ​ខុសច្បាប់​ដែល​បាន​ហាមឃាត់​ការ​ដឹក​ជញ្ជូន និង​លក់​នៅ​លើ​ទីផ្សារ​ជា​ដាច់ខាត ​។

សូម​បញ្ជាក់​ថា សមត្ថកិច្ច និង​មន្ត្រី​ជំនាញ បាន​យក​សាច់​ប្រហិត​ទាំងនោះ ទៅ​ធ្វើការ​ដុត​កម្ទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣​ ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *