អភិបាលរាជធានីភ្នំពេញ ហាមប៉ូលិសចរាចរណ៍ ស្លៀកពាក់ស៊ីវិលប្រើវិទ្យុទាក់ទង ស្ទាក់ចាប់យានយន្តល្មើសច្បាប់

(ភ្នំពេញ) ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីប៉ូលិសចរាចរណ៍ទាំងអស់ មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ចរាចរណ៍នោះទេ ដោយ​ត្រូវ​ប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងចៀសវាងពីការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់ចរារណ៍ ។

ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា៖ សមត្ថកិច្ចប៉ូលិសទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់ ។ ដូច្នេះត្រូវធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព ។

លោក ឃួង ស្រេង មានប្រសាសន៍ថា៖ «ហាមចំពោះមន្ត្រីប៉ូលិសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ចៀសវាងការរិះគន់ពីប្រជាពលរដ្ឋ» ។

លោក បានបន្តទៀតថា កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ថែមទៀត ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ។

អាជ្ញាធរខណ្ឌ សង្កាត់ កងកម្លាំងទាំងអស់ត្រូវពង្រឹងការទុកដាក់សំរាម ធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានការផ្ញើម៉ូតូ ឡានតាមផ្លូវ និងការលក់ដូរតាមដងផ្លូវដាច់ខាត ជាមួយនឹងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់ក៏ត្រូវសហការជាមួយស្រុក ខេត្តជាប់ព្រំដែន ដើម្បីរក្សាឱ្យបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *