ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចប្រេងសាំង និងស្រូវរបស់ពលរដ្ឋ នៅឃុំស្រែរនោង

(តាកែវ) ៖ ជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំង នៃអធិការនគរបាលស្រុកត្រាំកក់ សហការជាមួយ កម្លាំងនគរបាលក្រុងដូនកែវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ជាប់ពាក់ព័ន្ធ ករណីលួចប្រេងសាំង ៣០ លីត្រ និងស្រូវ ០៤ បាវ របស់ពលរដ្ឋ នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ច នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១ ៖ ៣០ នាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ មឿន គៀង មុខរបរជាអ្នកបើករ៉ឺម៉កដើរទិញដូងលក់ នៅចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ជាប់ពាក់ព័ន្ធករណីលួច ។

គួររំឭកផងដែរថា កាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៥ ៖ ៥០ នាទី មានករណីលួច បានកើតឡើងនៅចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ជនសង្ស័យបានធ្វើសកម្មភាពលួចប្រេងសាំងរបស់ជនរងគ្រោះឈ្មោះ ហួន រ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ដែលបញ្ឈរទុកលក់ក្បែរចិញ្ចើមផ្លូវមុខផ្ទះ បានចំនួន ០១ កាដុង និងបានលួចស្រូវរបស់ជនរងគ្រោះឈ្មោះ ឃឹម សាង ភេទស្រី អាយុ ៤២ ឆ្នាំ នៅភូមិត្រពាំងថ្នល់ ដែលច្រកក្នុងបាវទុកនៅក្បែរថ្នល់មុខផ្ទះចំនួន ០៤ បាវ ។

ក្រោយធ្វើសកម្មភាព ត្រូវបានអ្នកជិតខាង និងម្ចាស់ផ្ទះឃើញទាន់ក៏នាំគ្នាដេញតាមរហូតដល់ចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ទើបជនសង្ស័យបើករ៉ឺម៉កចូលផ្ទះប្រជាពលរដ្ឋ ហើយយកកាំបិតគំរាមកាប់អ្នកដេញតាម ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *