សេចក្តីបំភ្លឺព័ត៌មានចំពោះករណីបុរសម្នាក់ ជិះម៉ូតូអាក្រាតកាយ នៅក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល

(បាត់ដំបង) ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​ អ្នក​សារ​ព័ត៌មាន​ និងអ្នកនិយមប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ កា​លពី​រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២​០​២៣​ មានការភ្ញាក់ផ្អើលដល់ម​ហាជន​ ក្នុងក្រុងបាត់ដំបង ដោយសារមានបុរសម្នាក់ស្ថិតក្នុងស្ថានភាពអាក្រាតកាយ​ បានជិះម៉ូតូ ០១ គ្រឿង​ នៅតាមដងផ្លូវហើយក៏មានអ្នកខ្លះបានថតយករូបភាពនេះទៅចែកចាយ ក្នុងបណ្តាញ​សង្គមទៀតផង​ ។

ឃើញទិដ្ឋភាពបែបនេះ​ លោកឧត្តមសេនីយ៍ទោ​ សាត ​គឹមសាន​ ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាដល់​សមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ​ស្វែងរកបុរសខាងលើ​ ដើម្បី​បាន​ដឹងអំពីអត្តសញ្ញាណ និងមូលហេតុ​ពិតប្រាកដដែលឈានទៅប្រព្រឹត្តិសកម្មភាពបែបនេះ ។

នៅព្រឹកថ្ងៃទី១៣ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ បុរសក្នុងរូបភាពខាងលើ ត្រូវបានស្វែងរកឃើញដោយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ ដែលមានលោកវរ​សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិ​ការ និងនាំមកធ្វើការសាកសួរ នៅអធិ​ការដ្ឋាននគរបាលក្រុង ។

ការសាកសួរក្រុមគ្រួសារគាត់ បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ​ ត.ហ​. អាយុ ៣០​ ឆ្នាំ រស់នៅ​ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង​ ។

ក្រុមគ្រួសារ បានបញ្ជាក់ថា បុរសនេះមានបញ្ហាវិបល្លាសស្មារតី (ការខូចសតិ​បញ្ញា) ក្នុងរយៈពេលកន្លងមក​ហើយ នៅថ្ងៃម្សិល​មិញបានថ្លោះធ្លោយបណ្តាលឱ្យរូបគាត់ចេញមកប្រព្រឹត្តិសកម្មភាពបែបនេះ ។

ក្នុងនាមក្រុមគ្រួសារ សូមការអធ្យាស្រ័យចំពោះអំពើពុំគួរគប្បីដែលកើតឡើងដោយបុរសខាងលើ និងសូមកុំបន្តចែកចាយរូបភាពនេះបន្តទៀតពីអ្នកប្រើប្រាស់បណ្តាញសង្គម ។

ក្រោយសាកសួររួច​ សមត្ថកិច្ចបានធ្វើកិច្ចសន្យាមួយជាមួយក្រុមគ្រួសារ​ កុំឱ្យធ្វេសប្រហែសនាំឱ្យបុរសរូបនេះប្រព្រឹត្តិសកម្ម​ភា​ព​បែបនេះបន្តទៀត ​និងបានអនុ​ញ្ញាត​ឱ្យវិលត្រឡប់ទៅមូល​ដ្ឋានវិញ​ជាមួយក្រុមគ្រួសារ ។

ដូចបានជម្រាបជូនខាងលើ ​សូមសាធារណជន​ អ្នកសារព័ត៌មាន​ និង​អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ​មេត្តាជ្រាប​ជាព័ត៌មាន​ និងបញ្ឈប់ការចែកចាយរូបភាពនេះបន្តទៀត សូមអរគុណ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *