(ភ្នំពេញ) ៖ នគរបាលសហព័ន្ធអូស្ត្រាលីសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។
ការសន្យាធ្វើឡើងនៅព្រឹកថ្ងៃទី១២ ធ្នូឆ្នាំ២០២៣ ខណៈ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិបានអនុញ្ញាតឱ្យ លោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈចប់អាណត្តិបេសកកម្មនៅកម្ពុជា និងឧទ្ទេសនាម លោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជានៅទីស្តីការក្រសួងមហាផ្ទៃ ។
នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងការស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់ លោកស្រី រ៉េសល ប៊ល នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី និងថ្លែងអំណរគុណដល់ លោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាសម្រេចបាននូវលទ្ធផលល្អរួមមានការងារបណ្តុះបណ្តាល ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនប្រភេទបានជាច្រើនករណី ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឱ្យ លោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ដើម្បីឱ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប លោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ឲ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។
ទន្ទឹមគ្នានោះផងដែរ ដើម្បីជាការតបស្នងដល់កិច្ចខិតខំប្រឹងប្រែងកន្លងក្នុងអាណត្តិរបស់ លោក អែនធើនី មឹកក្វាយ នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិតាមរយៈក្រសួងមហាផ្ទៃ ក៏បានស្នើសុំរាជរដ្ឋាភិបាល ផ្តល់ជូននូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ជូនដល់លោក អែនធើនី មឹកក្វាយ ដែលកិច្ចបំពាក់គ្រឿងឥស្សរិយយសនេះ ប្រព្រឹត្តទៅដោយមានវត្តមាន ឯកអគ្គរាជទូតអូស្ត្រាលី ចាស់ស្ទីន វ៉ាយអើត (Justin Whyatt) ផងដែរ ៕