សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ១១-១២ ខែធ្នូ

(ភ្នំពេញ) ៖ តបតាមការអញ្ជើញរបស់ លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គម និយម វៀតណាម នៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេសកាលពីយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។

អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ តំបន់ និង អន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏ នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្តីពី ការ ជំរុញពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ង្វៀន ហ្គីចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិ ការមជ្ឈឹម បក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងឯកឧត្តម រឿង ទិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោក ស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវ ជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារផងដែរ។ សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋ កិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ ទំនងសេដ្ឋ កិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្តរ ជាតិ នៅទីក្រុងហាណូយ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលខាងមុខ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ី ជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាង កម្ពុជា និងវៀតណាមដើម្បីផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *