(ភ្នំពេញ) ៖ បុរសម្នាក់លួចដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ត្រូវប្រពន្ធតាមទាន់បានបើករថយន្ត គេចពីប្រពន្ធជ្រុលទៅបុក និងរថយន្ត CRV មួយគ្រឿង នៅផ្លូវបំបែកជាបួន បណ្តាលឱ្យរថយន្តទាំង ០២ គ្រឿង ឡើងចិញ្ចើមផ្លូវបុកកន្លែងលក់ដូររបស់ពលរដ្ឋរងការខូចខាតបន្ថែមទៀត ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ ៖៤០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ម្តុំកៅដាយ ផ្លូវ២០៥កែងផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានចេញពីក្លឹបកម្សាន្តមួយកន្លែង ហើយបានដឹកនារីជាស្រីស្នេហ៍ចូលទៅផ្ទះសំណាក់មួយកន្លែងម្តុំរង្វង់មូលផ្សារដើមថ្កូវ ខណៈពេលនោះ ក៏ត្រូវប្រពន្ធតាមទាន់ បុរសជាប្តីបានដឹកនារីជាស្រីស្នេហ៍ ដោយបើករថយន្តម៉ាកតូយូតាព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5932 គេចពីប្រពន្ធ ឆ្ពោះទៅតាមបណ្ដោយផ្លូវ៣៨៨ ទិសដៅពីត្បូងទៅជើង ។
តាមប្រភពខាងលើ បានបន្តថា ដោយស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ ០៦ ខែផងនោះ បានជិះម៉ូតូដេញតាមពីក្រោយ តែមកដល់ចំនុចកើតហេតុម្តុំកៅដាយ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែរថយន្តរបស់បុរសជាប្តីក៏ជ្រុលទៅបុកនឹងរថយន្តម៉ាក CRV ពាក់ផ្លាកលេខ ភ្នំពេញ 2D-6228 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីលិចទៅកើតចំផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត CRV រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកនឹងបង្គោលផ្លាកសញ្ញាបង្ហាញលេខផ្លូវ បាក់រលំអស់ចំនួន ០១ ដើម ព្រមទាំងរានទេវតាអស់ចំនួន ០១ ផងដែរ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។
ដោយឡែកខាងរថយន្តតូយ៉ូតាព្រូសវិញ ក៏រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកនឹងកន្លែងលក់អុស បណ្តាលឱ្យរងការខូចខាត បាក់បង្គោលរោងអស់ ០១ និងខូចខាតគំនរអុសតិចតួច ព្រមទាំងធ្វើឱ្យរងការខូចខាតផ្នែកខាងមុខ ។ ភា្លមៗនោះដែរ នារីជាស្រីស្នេហ៍ជិះក្នុងរថយន្តបានបើកទ្វាររថយន្តរត់គេចទៅបាត់ ដោយបន្សល់ទុកបុរសជាប្តីនៅតតាំងជាមួយស្ត្រីជាប្រពន្ធនៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុ ក៏មានតំណាងភាគីបានមកជួយសម្របសម្រួលគ្នា ដោយភាគីរថយន្ដតូយូតាព្រូស សុខចិត្តសងសំណងទៅលើការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចហើយក៏បាននាំប្តីប្រពន្ធទៅដោះស្រាយគ្នានៅផ្ទះជាបន្តទៀត ៕