សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមានដើម្បីរួមគ្នាទាក់ទាញទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមាន ដើម្បីរួមគ្នាទាក់ទាញទេសចរណ៍។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជេីញជាអធិបតី​ក្នុងពិធីបិទ​ “បុណ្យសមុទ្រលេីកទី១០​”​ ក្រោមប្រធានបទ​ “ទាំងអស់គ្នាដេីម្បីទេសចរណ៍”​ ខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខេត្តទាំង៤ នៃឆ្នេរសមុទ្រ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង “។ សម្តេចធិបតី បានបញ្ជាក់ថា “ខេត្តនីមួយៗសុទ្ធតែមានសក្កានុពល ដូច្នេះត្រូវពង្រឹងសក្កានុពលរបស់ខ្លួនក្នុងន័យមិនមែនប្រកួតប្រជែងគ្នា ជាការសហការគ្នា”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កម្ពុជានឹងខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍន៍ “។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើ ពិភពលោក និងសមជាតារារះនាទិសនិរតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរ តភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ក្នុងប្រទេសដើម្បីជំរុញការតភ្ជាប់ ដំណើរទេសចរណ៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើ សន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មឆ្លងដែននោះទេ។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតនិងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ដោយផ្ទាល់និងដោយប្រយោល លើកកម្ពស់ជីវភាពរស់នៅ ជំរុញការនាំចេញនៅនឹងកន្លែង ជំរុញកំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេស ចូលរួមដល់ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួល អាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *