(ស្ទឹងត្រែង) ៖ ជនសង្ស័យចំនួន ០៨ នាក់ ដែលគប់គិតគ្នា លួចធ្វើនេសាទខុសច្បាប់ នៅក្នុងតំបន់ហាមឃាត់អាងទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីឆ្មាំ និងមន្ត្រីជំនាញផ្នែកជលផលឃាត់ខ្លួនបាន ។ បន្ទាប់ពីបានឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ។
ក្នុងសកម្មភាពបញ្ជូនជនសង្ស័យទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ដេត ចំណាន នាយខណ្ឌជលផលស្តីទីស្ទឹងត្រែង បានបញ្ជាក់ថា នេះជាក្រុមអ្នកនេសាទ ដែលតែងតែសហការគប់គិតគ្នាជា មួយនឹងប្រជាសហគមន៍លួចធ្វើនេសាទខុសច្បាប់ នៅក្នុងអន្លង់អភិរក្សត្រីមេពូជក្នុងអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅក្នុងភូមិសាស្ត្រ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
លោកបន្តថា តំបន់នេះ រដ្ឋបាលជលផល និងខណ្ឌជលផលខេត្ត អាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយច្បាប់ហាមឃាត់មិនឱ្យចូលធ្វើនេសាទទេ តែក្រុមទាំងនេះបានគប់គិតគ្នាជាមួយប្រជាសហគមន៍ ជាថ្នូរនឹងការសូកប៉ាន់លុយកាក់ ហើយចូលទៅធ្វើនេសាទដោយខុសច្បាប់ ។
លោកនាយខណ្ឌស្ដីទី បន្តថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន ក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានចុះស្រាវជ្រាវឃាត់ខ្លួនបានចំនួន ០៩ នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ ១៣ ឆ្នាំ បានឱ្យទៅផ្ទះវិញ ក្រៅពីនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅកាលពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា កន្លងមកថ្មីៗនេះ ជាមួយវត្ថុតាងរួមមាន ៖ ទូកឈើចំនួន ០៣ គ្រឿង, ទូកស្មាច់ ០១ គ្រឿង, ម៉ាស៊ីន ២៥ សេះចំនួន ០២ គ្រឿង ម៉ាស៊ីន ២០ សេះចំនួន ០២ គ្រឿង, សន្ទូចរនង ៣០០០ ផ្លែ, មងបណ្តែត ២៥០០ម៉ែត្រ ស្មើនឹង ២៧ ត្បូង រួមនឹងត្រីចម្រុះចំនួន ៣៤ គីឡូក្រាមផងដែរ ។
ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលរមាស សង្ឃឹមថា តុលាការនឹងចាត់វិធានការតាមច្បាប់ ចំពោះជនខិលខូចទាំងនេះ និងស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែមទៀតទៅតាមនីតិវិធីប្រកបដោយប្រសិទ្ធភាព ៕