(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នាពេលថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រី នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅទីតាំងនោះសមត្ថកិច្ចចំរុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និង ឱសថក្លែងក្លាយចំនួន ៦ មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ ។
យោងតាមលទ្ធផលវិភាគគុណភាព របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថាឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារ ធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។
អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នក ប្រើប្រាស់ ក្រសួងសុខាភិបាលសូមជម្រាបជូនពីវិធានការ និងការណែនាំដូចខាងក្រោម៖ ១. បានបញ្ជូនជនសង្ស័យ ដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បី បន្តនីតិវីធីតាមផ្លូវច្បាប់។ ២. សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Telegram និង YouTube ព្រោះឱសថ និងផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ៕