(ព្រះវិហារ) ៖ កសិករដាំដំឡូងមី នៅខេត្តព្រះវិហារ កំពុងតែមមាញឹកដកដំឡូងមីស្រស់ លក់ឱ្យក្រុមឈ្មួញកណ្ដាល និងនាំចេញទៅលក់បន្តទៅប្រទេសវៀតណាម និងថៃ មានតំលៃខ្ពស់គួរសម បើប្រៀធៀបទៅនឹងឆ្នាំ២០២២ ខុសគ្នា ៣០ រៀល ទៅ ៤០ រៀល ក្នុង ០១ គីឡូ ក្នុងឆ្នាំ២០២៣នេះ ។
ប្រជាកសិករ បានរៀបរាប់ថា ដោយសារតែឆ្នាំនេះ ទឹកភ្លៀងបានធ្លាក់ជោកជាំពីដើមឆ្នាំ ធ្វើឱ្យពួកគាត់បានដាំដុះទាន់ពេលវេលា និងដំណាំដំឡូមីមានការលូតលាស់ល្អគ្រប់ទីកន្លែង ។ ហើយក្នុងការដាំដុះនេះដែរ វាអាស្រ័យទៅដោយដីតាមតំបន់ នៅតំបន់ខ្លះដីមានជីជាតិ ហើយយើងថែទាំបានល្អ ក្នុង ០១ ហិកតា បានផលមើមដំឡូងពី ២៥ តោន ទៅ ៣០ តោនឯណោះ តែបើយើងដាំចោលមិនសូវថែទាំនោះទេ ០១ ហិកតា បាន ១០តោន ទៅ ១៥ តែប៉ុណ្ណោះ ។
តាមការសង្កេតឃើញតាមសៃឡូ ដែលក្រុមឈ្មួញបានដាក់ស្លាកតម្លៃប្រមូលទិញនីមួយៗ មានកន្លែងខ្លះទិញដំឡូងស្រស់ ០១ គីឡូ ៤០០ រៀល ទៅ ៤១០ រៀល ឬឯដំឡូងក្រៀម (ស) ល្អ ក្នុង ០១ គីឡូ បាន ១០៣០ ទៅ ១០៥០ រៀល តែបើមិនសូវ ស បាន ៩៥០ ទៅ ៩៨០ ក្នុង ០១ គីឡូក្រាម ។
នេះតាមការបញ្ជាក់ពីម្ចាស់សៃឡូ បញ្ជាទិញដោយសារតែឆ្នាំនេះ ដំឡូងមានម្សៅល្អជាងឆ្នាំមុនៗ ទើបតំលៃថ្លៃតាមហ្នឹងដែរ ៕