(ភ្នំពេញ) ៖ ក្រុមអ្នកព័ត៌មានជាង ៥០នាក់ មកពី៣០ស្ថាប័ន បានចុះទស្សនកិច្ចសិក្សាអំពី ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយវេទិកាស្វាយចន្ទី ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរយៈពេល៣យប់ ៤ថ្ងៃនេះ អ្នកសារព័ត៌មាននឹងបានឈ្វេងយល់អំពី ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃ និងសក្តានុពលទីផ្សារជាតិ និងអត្តរជាតិ។ ម្យ៉ាងវិញទៀត ក៏នឹងផ្តល់នូវការយល់ដឹងទូលំទូលាយអំពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាម «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដាក់ចេញដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី។
សហភាពអឺរ៉ុបដែលជាអ្នកឧបត្ថម្ភការរៀបចំកម្មវិធីនេះ មានបំណងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យកសិកម្មរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត សហភាពអ៊ឺរ៉ុប នឹងក្លាយជាទីផ្សារដ៏ធំមួយសម្រាប់គ្រាប់ស្វាយចន្ទីរកម្ពុជា នៅថ្ងៃអនាគត់ ប៉ុន្តែត្រូវធានាគុណភាព និងស្តង់ដា។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីប្រមាណ ២,៣៨លានហិកតា ខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង ៣លាន ២សែនហិកតា។ ដំណាំចន្ទីមានជិត ៧០ម៉ឺនហិកតា ត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង ៣លាន ២សែនហិកតានេះ។ បច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅចេញជាង ៩០ភាគរយ ទៅកាន់ប្រទេសជិតខាង ក្នុងនោះវៀតណាម ថៃ ចិន និងឥណ្ឌា។ ចំពោះការកែច្នៃក្នុងស្រុកមានប្រមាណជាង ៥ភាគរយ ប៉ុណ្ណោះ។
រយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦១៥០០តោន ដែលមានទំហំទឹកប្រាក់ ៨៣១លានដុល្លារ ទៅកាន់ទីផ្សារក្រៅប្រទេស។ សម្រាប់តម្លៃគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមស្ថិតនៅក្នុងបន្លោះ ១២០០-១៩០០ដុល្លារ ក្នុងមួយតោន៕