(ភ្នំពេញ) ៖ រយៈពេលពីរថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា រួមទាំងភ្ញៀវទេសចរបរទេស ប្រមាណជិត ៣លាននាក់ បានមកចូលរួមទស្សនាកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ការប្រណាំងទូកង ការប្រគំតន្ត្រី និងទិញទំនិញតាមបណ្តាស្តង់ពិព័រណ៍ផ្សេងៗជាច្រើន ទៅតាមទីតាំងគោលដៅនានាដែលត្រូវបានរៀបចំ នៅក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ដែលចេញដោយអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀប រយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ និងទេសចរបរទេស ប្រមាណ ១,២លាននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យ ត្រូវនឹងថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ ២០២៣។
ចំណែកនៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យ ត្រូវនឹងថ្ងៃទី ២៧ខែវិច្ឆិកា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ១,៧លាននាក់ មកទស្សនាកម្សាន្តសប្បាយ។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារយ៉ាងដូច្នេះថា៖ «រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះ អាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន ៣០ប្រទីប។
សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធពិធីប្រណាំងទូកង នៅរាជធានីភ្នំពេញ អស់រយៈពេល ៣ឆ្នំាជាប់ៗគ្នា ពោលគឺនៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ខណៈដែលនៅឆ្នាំ ២០២២ គឺដោយសារតែកៀកពេលគ្នានឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕