(ភ្នំពេញ) ៖ ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ។
ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ។
សូមបញ្ជាក់ថា ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករប្រមាណ ១លាន៧សែននាក់។
យោងតាមរបាយការណ៍ដែលចេញនៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញបានបង្រ្កាបបទល្មើសឆក់ទូរសព្ទដៃ ១លើក ដោយឃាត់ខ្លួនជនល្មើស ១នាក់ នៅគោលដៅសួនវត្តបុទុម និងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើកនៅគោលដៅមុខវត្តឧណ្ណាលោម ដែលជាករណីម៉ូតូបុកក្មេងបណ្តាលឲ្យរបួស១នាក់។
ជាមួយគ្នានោះសមត្ថកិច្ចការពារគោលដៅបានប្រតិបត្តិការនិងអន្តរាគមន៍សង្រ្គោះបានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ១១នាក់ ស្រី៥នាក់ ដោយបានធ្វើការផ្សព្វផ្សាយហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ៣នាក់ បន្តទៀត៕