ខេត្តបាត់ដំបង÷ស្រុកសំពៅលូន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១ និង ២០ នាទី នៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទទួលព័ត៌មានថា មានករណី បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ម៉ូតូ) មួយបានកើតឡើង ទៅលើជនរងគ្រោះ
១-ឈ្មោះ រឿត សុខជា ភេទប្រុស អាយុ ១៥ ឆ្នាំ,
២-ឈ្មោះ ដន ឧត្តម ភេទប្រុស អាយុ ១៥ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០១ ក្រុម មានគ្នាចំនួន ០៥ នាក់ បានធ្វើសកម្មភាពជិះម៉ូតូចំនួន ០២ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ប្រដាប់ដោយកាំបិត រួចចុះរត់ដេញកាប់ជនរងគ្រោះទាំងពីរនាក់ខាងលើ ជនរងគ្រោះក៏បានរត់ចូលទៅក្នុងផ្ទះគេ ជនសង្ស័យក៏បានយកកាំបិតកាប់ទៅលើម៉ូតូជនរងគ្រោះ ដែលទុកនៅចិញ្ចើមផ្លូវ មុខកន្លែងលក់ខោអាវ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ស សេរីឆ្នាំ២០២២ បណ្តាលឲ្យខូចខាតក្បាលម៉ូតូ និង អាវខាងមុខ ។
ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ៖
១-ឈ្មោះ ស៊ូ មីថិត ហៅ ធីត ភេទប្រុស អាយុ ១៦ ឆ្នាំ ,
២-ឈ្មោះ សាំ សុមុនថង ហៅ តក់ម៉ក់ ភេទប្រុស អាយុ ១៩ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៣-ឈ្មោះ ធី ថាត់ថៃ ហៅ ថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង ។ សមត្ថកិច្ចដកហូតវត្ថុតាងមាន កាំបិតចំនួន ០១ ដើម , និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ស្លាកលេខ (គ្មាន) ចំនួន០១ គ្រឿង បាននៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង ៣០ នាទី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាក្មេងទំនើងចំនួន ០៣ នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕