(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបុរសម្នាក់ជាមន្ត្រីយោធា ក្រោយពីប្រើហិង្សាទៅលើបុរសជាសន្តិសុខម្នាក់ រងរបួសបែកមុខមាត់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ហ៊ូ សុធា អាយុ ៥២ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ ៣៤ ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ០១ ៖ ០០ នាទី ខ្លួនកំពុងតែយាម នៅច្រកចូលបុរីពិភពថ្មីត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1127 បើកមកដល់ចំណុចច្រកចូលបុរីដែលស្ថិតនៅទីតាំងខាងលើ ហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់ ។
បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរី បានរយៈពេលជាង ០៥ នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ ។
ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើ រថយន្តកាន់ពិលដែកពណ៌ខ្មៅ ដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់ ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេង បណ្តាលឲ្យរបួសបែកចេញឈាម។
ក្រោយពីកើតហេតុ ជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យ រួមទាំងវត្ថុតាង យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ ។
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើនេះបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត ។ ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕