(ភ្នំពេញ) ៖ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗរួចរាល់ហើយ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
កម្លាំង ដែលចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានទាំងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បណ្ដាកងឯកភាពចំណុះកងយោធពលខេមរភូមិន្ទ, អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យដែលត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។
នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះត្រួតពិនិត្យកងកម្លាំងដែលប្រចាំការការពារនៅតំបន់A7 នៅសួនវត្តបុទវត្តី ខាងត្បូងព្រះមរបរាជវាំងបានធ្វើផ្ដាំផ្ញើនូវការងារសំខាន់ៗមួយចំនួន ដល់កងកម្លាំងទាំងអស់ ដើម្បីត្រៀមខ្លួនក្នុងការបំពេញការងារដ៏សំខាន់មួយនេះ ក្រោយព្រះរាជពិធីបុណ្យអុំទូកនេះ ខកខានប្រារព្ធឡើងអស់រយៈពេល៤ឆ្នាំ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចអនុញ្ញាតឲ្យរៀបចំនៅឆ្នាំ២០២៣នេះឡើងវិញ។
អគ្គស្នងការរងនគរបាលជាតិក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ៕