(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះស្តីពីករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ៤ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដង់ទង់ ខេត្តកំពត។
សេចក្តីប្រកាសព័ត៌មាន បានសរសេរថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណី ទៀត កើតលើក្មេងស្រីអាយុ ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅ ក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
ករណីក្មេងស្រីខាងលើនេះ មានផ្ទះនៅក្បែរករណីស្ត្រី អាយុ២១ឆ្នាំ ដែលបានចេញ សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានរកឃើញ តាមរយៈការស្វែងរកសកម្ម នៅភូមិកើតហេតុ ដោយក្រុមឆ្លើយតបបន្ទាន់ចម្រុះពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប៉ូលិស ។ តាមការសាកសួរ បង្ហាញថា នាងបានកាន់មាន់ងាប់ និងចាប់ផ្ដើមឈឺ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានរោគសញ្ញាផ្លូវដង្ហើម រួមមាន គ្រុនក្តៅ ក្អក និងចេញកន្ទួលក្រហម កុមារទទួល ការព្យាបាលដោយផ្តល់ឱសថតាមីហ្គូ (Tamiflu) និងត្រូវបានបញ្ជូនមកពិនិត្យ ព្យាបាល និងថែទាំបន្តនៅមន្ទីរពេទ្យខេត្តកំពត នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្ន អ្នកជំងឺកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុង សហការជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ូលិស និងអង្គការដៃគូខាងលើ បន្តអង្កេតស្រាវជ្រាវ យ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្កាសាយបក្សី ប្រភេទទាំង២ ដែលបានកើតឡើង និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្សនិងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែក ជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំ សុខភាព ប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយក ត្តទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី (SN) នៅតែបន្តគំរាមហែង ដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់ បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរ សំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិ ធ្លាប់បានប៉ះពាល់ ជាមួយមាន់ទា ឈឺឬស្លាប់ ក្នុងអំឡុង ១៤ ថ្ងៃ មុនថ្ងៃ ចាប់ផ្ដើមមាន រោគសញ្ញា សូមមេត្តាកុំទៅជួបជុំ ឬទៅទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរក ការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិត លោកអ្នកបំផុត ឱ្យបានឆាប់ទាន់ពេលវេលា។
របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លង រវាង សត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាល វាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធ ជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាល នៅមន្ទីរពេទ្យ ទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្ស ទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លងដូចនឹងជំងឺ ផ្តាសាយតាមរដូវកាលផងដែរ។
វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារ នៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សី ឈឺឬងាប់ និងរាល់សត្វបក្សី ដែលធ្វើសម្រាប់បរិភោគ ត្រូវចំអិនឱ្យឆ្អិនល្អ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹង ដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹង បញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕