ខេត្តបាត់ដំបង ៖ ជនរងគ្រោះម្នាក់ដែលជាមនុស្សភេទទី៣ « ខ្ទើយ » បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោមសម្ពាធ នៃផ្លែកាំបិតចិតបន្លែ ព្រមទាំងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ បន្ទាប់ពីពួកគេត្រឡប់មកពីកម្មវិធីខួបកំណើត ហើយឆ្ពោះទៅកាន់បន្ទប់ជួលបម្រុងនាំគ្នាឡើងឋានសួគ៌ តែត្រូវភាគីខាងប្រុស ចាក់បម្រុងប្លន់ទៅវិញ។
បើយោងតាមសាក្សីមួយចំនួនបាននិយាយថា កាលពីព្រលប់មុនពេលកើតហេតុ ជនរងគ្រោះដែលមាន ឈ្មោះ នឿន រ៉ាឌី ភេទទី៣ អាយុ៣១ឆ្នាំ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ស្នាក់នៅបន្ទប់ជួល ខាងក្រោយស៊ុបពន្លឺត្បូង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានចេញទៅចូលរួមកម្មវិធីខួបកំណើតគេ នៅម្តុំបុរីរំចេក។
ប្រភពដដែលបានបន្តថា លុះប្រហែលជាម៉ោង២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០ គេក៏បានឃើញជនរងគ្រោះមានឌុបមនុស្សប្រុសម្នាក់មកកាន់បន្ទប់ជួលរបស់គេវិញ។ ដែលអាចនិយាយបានថា ពួកគេប្រាកដជាមកនាំគ្នាឡើងឋានសួគ៌ផងក៏មិនដឹង ព្រោះពេលមកដល់ភ្លាម គេឃើញភាគីខាងម្ចាស់បន្ទប់ បានចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតកាយ។
ប្រភពដដែលដែលបានលបមើលសកម្មភាពនេះបានបន្តថា ភ្លាមៗនោះដែរ បន្ទាប់ពីជនរងគ្រោះដើរចេញពីបន្ទប់ទឹកមក ស្រាប់តែភាគីខាងប្រុស ទាញយកកូនកាំបិតចិតបន្លែដងលឿងមកចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត។ ដែលគេអាចសន្និដ្ឋានបានថា គឺពិតជាមានបំណងប្លន់ ព្រោះជនរងគ្រោះមានពាក់គ្រឿងអលង្ការច្រើន។
ក្រោយពីមានការប្រតាយប្រតប់ និងមានការស្រែកឆោឡោពីសំណាក់អ្នកជិតខាងផងនោះ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង។ ដោយឡែកជនរងគ្រោះដែលរងរបួសត្រង់ពោះ៣កាំបិត និង ស្មាសងខាង២កាំបិត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីសង្គ្រោះ។
បច្ចុប្បន្នគេសង្កេតឃើញថា សមត្ថកិច្ចកំពុងដុតដៃ ដុតជើង ដើម្បីតាមស្វែងរកមុខសញ្ញាសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងចៀសវាងការរិះគន់ថា ស្នងការរងទទួលផែនព្រហ្មទណ្ឌមានដល់ទៅ២រូប ដែលទើបប្រកាសចូលកាន់តំណែងថ្មី តែបទល្មើសកាន់តែកើនឡើងទ្វេដង ៕