(ភ្នំពេញ)៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ត ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀប ចំក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយនូវ ស្ថានការណ៍ថ្មីៗមួយចំនួន ដល់បណ្តាថ្នាក់ដឹកនាំអង្គភាព នគរបាលជាតិពាក់ព័ន្ធ សម្រាប់បន្តយកទៅ ផ្សព្វផ្សាយព័ត៌មានទាំង អស់ទៅដល់មន្រ្តី ក្រោមឱវាទរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព គុណភាពដល់កងកម្លាំង នគរបាលទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុង ការពង្រឹងសន្តិសុខ និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ក្នុងការចូលរួម ថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសគឺយកចិត្តទុកដាក់នៅ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមវត្តអារាម និងទីប្រជុំជននានា ដែលនៅតាមមូលដ្ឋាន កម្លាំងនគរបាល និងប៉ុស្តិ៍រដ្ឋបាលត្រូវមាន ការចាត់ចែងផែនការឈរ ជើងដើម្បីធានាដោះស្រាយ អន្តរាគមន៍ទាន់ហេតុការណ៍ ប្រសិនបើមានសភាពការណ៍ ណាមួយ កើតឡើងដោយចៃដន្យ៕