កណ្តាល ៖ ស្រុកស្អាងនឹងក្លាយទៅជាទីក្រុងទៅថ្ងៃអនាគត ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានលើកឡើងបែបនេះនៅក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង២៤៥០ម៉ែត្រ ស្ថិតនៅក្នុងបរិវេនវត្តធន់មន្ត ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។
ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសយើងមានសុខ សន្តិភាព ដែលពុំធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំ។ ក្រោមដំបូលនៃសន្តិភាពនេះធ្វើឱ្យប្រទេសយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបាននឹងកំពង់មានការអភិវឌ្ឍន៍នៅខេត្តកណ្តាល ពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបានឆ្លងកាត់ស្រុក២ ក្នុងខេត្តកណ្តាល គឺស្រុកស្អាង និងស្រុកកណ្តាលស្ទឹង។ ហើយទៅថ្ងៃខាងមុខនេះ នឹងមានសមិទ្ធផលថ្មីមួយទៀតកើតឡើងនៅស្រុកស្អាង នោះគឺព្រលានយន្តហោះអន្តរជាតិ ដែលអាចឲ្យយន្តហោះឆ្លងទ្វីប អាចឈប់ចុះចតបាន។ ហើយនឹងមានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅជុំវិញព្រលានយន្តហោះ ដែលធ្វើឱ្យស្រុកស្អាងក្លាយជាទីក្រុងទៅថ្ងៃខាង។
ឯកឧត្តមអភិបាលខេត្តបានស្នើឱ្យមន្ត្រីរាជការ កងកំលាំង និងប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបន្តអភិវឌ្ឍប្រទេស ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។
ក្នុងនោះក្រុមហ៊ុនដែលបានទទួលធ្វើការសាងសង់ផ្លូវ ត្រូវសាងសង់តាមលក្ខណៈស្តង់ដារបច្ចេកទេស ដើម្បីឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង។