បាត់ដំបង៖ រសៀលម៉ោង ៤និង០០នាទី ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី លោក គង់ បៃ ប្រធានក្រុមប្រឹក្សាស្រុកភ្នំព្រឹក លោក សុង សុភ័ក្ត្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងសហការី រួមនិងកងកម្លាំងទាំងបីប្រភេទបានចូលរួមពិធីសែនព្រេនបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន និងលាពាក្យលាសម្តី នៅចំពោះមុខរូងភ្នំ ដែលក្រុមការងារបានចុះជួយសង្គ្រោះ បុរសម្នាក់ប្រកបដោយជោគជ័យ ដែលបានជាប់ក្នុងរូងភ្នំចក្រីអស់រយៈពេល ៣យប់ ៤ថ្ងៃ ដែលស្ថិតនៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ ដល់ក្រុមការងារ ដែលបានជួយសង្គ្រោះ បុរសដែលជាប់ក្នុង រូងភ្នំចក្រីនូវទឹកប្រាក់ ចំនួន ៤.០០០.០០០៛ (បួនលានរៀល) ផងដែរ ។ ហើយឯកឧត្តម ងួន រតនះ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងយោធា កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដែលបានរួមដៃគ្នាយ៉ាងយកចិត្ដទុកដាក់ លើការងារជួយសង្គ្រោះនេះ៕