(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ អមដំណើរដោយលោកស្រី ជា លាភ អភិបាលរង ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ ក្នុងសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចានធុល បានលើកឡើងថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញ តាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនឱ្យធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេស ក្នុងការធ្វើការងារកសិកម្ម ទៅតាមការនែនាំរបស់មន្ត្រីជំនាញ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ជាក់ស្តែងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានមកថា មានប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង លោកក៏ដឹកនាំក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ពួកគាត់បានទាន់ពេលវេលា។
លោកម ផាន់ ចាន់ធុល ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារត្រូវរាយការណ៍ ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ក្រៅពីការឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥៣គ្រួសារ ក្នុងនោះភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ចំនួន ៣៨គ្រួសារ និងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ចំនួន ១៥គ្រួសារ ហើយឱកាសនោះផងដែរ ឯកឧត្តមអភិបាលក៍បានដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្តល់អណ្តូងស្នប់ទឹកស្អាតចំនួន ១ និងឯកសណ្ឋានប្រជាការពារភូមិចំនួន ១០កំផ្លេរផងដែរ៕