(ខេត្តកំពត)៖ ដោយសារកត្តាអាកាសធាតុគឺភ្លៀងធ្លាក់បន្តជាប់គ្នាមិនឈប់រយៈពេលប៉ុន្មានថ្ងៃនេះធ្វើឲ្យតំបន់ ភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត ពិសេស ស្រុកទឹកឈូ ត្រូវរងផលប៉ះពាល់ដោយសារជំនន់ភ្លៀង។
យ៉ាងណាមិញបើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្របពេលភ្លៀងកំពុងធ្លាក់ខ្លាំងបានបង្កឲ្យកម្ពស់ទឹកកាន់តែឡើងខ្លាំង ដែលធ្វើឲ្យទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបាក់ជើងបេតុង ព្រោះតែមិនអាចទ្រទ្រង់នឹងបរិមាណទឹកដែលមានកម្រិតខ្ពស់។
ចំពោះការបាក់ជើងបេតុងនៅអាងស្តុកទឹកទំនប់ប្រទាក់ក្រឡានេះ គេបានព្យាករណ៍ថា កម្លាំងទឹកអាចមានសន្ទុះខ្លាំង ដែលអាចបង្កឲ្យជន់លិចនៅតាមភូមិសាស្ត្រមួយចំនួនក្នុងស្រុកទឹកឈូ ដូចជាភូមិ កូនសត្វ ភូមិបុស្សញិញ ភូមិត្រពាំងព្រីងខាងជើង និងបន្តទៅដល់ភូមិសាស្ត្រខេត្តកែប ជាពិសេសភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែបជាដើម។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីមានករណីបាក់ជើងបេតុងទំនប់ប្រទាក់ក្រឡា នៃភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត គេសង្កេតឃើញវត្តមានអាជ្ញាធរខេត្តកំពតនិងខេត្តកែប បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើលស្ថានភាពទឹកនៅតាមភូមិសាស្ត្រដែលកំពុងលិចលង់ដោយសារជំនន់ភ្លៀង ដើម្បីរកវិធានការដោះស្រាយជាបន្ទាន់៕