(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ ក្រុង ស្រុក ជិះទូកពិនិត្យមេីលស្ថានភាពទឹក និងបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ និង ភូមិបឹងព្រះ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងដំណេីរត្រួតនិនិត្យអំពីស្ថានភាពទឹកនេះ ក្រុមការងាររបស់ខេត្តបានជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខណៈនោះ លោកអភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញេីសាកសួសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
លោកជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា សម្តេចទាំងទ្វេរតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនទុកឲ្យបងប្អូនជួបការលំបាកដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ឡេីយ។
ជាមួយនេះ លោកអភិបាលខេត្តរួមជាមួយក្រុមការងារបាននាំមកជាមួយនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី៦៧កេះ ត្រីខ១០០យួរ ស្មេី១០០០កំប៉ុង និងថវិកា៥០០.០០០៛។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញេីដល់បងប្អូនត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ពិសេសរក្សានូវអនាម័យ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្កឲ្យមានជាជំងឺអាសន្តរោគផ្សេងៗ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ មិនត្រូវបណ្តោយឲ្យលេងទឹក ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ។
សូមជម្រាបថា ដោយកត្តាអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលព្យុះ ជាបន្តបន្ទាប់ ក្នុងនោះខេត្តកំពតក៏បានទទួលរងនូវឥទ្ធិពលនៃបាតុភូតធម្មជាតិនេះដែរ ដោយបង្ករឲ្យមានភ្លៀងជាប់ៗគ្នា បណ្តាលឲ្យកេីតមាននូវជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត៕