(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត។
ចំពោះទីតាំងប្រព័ន្ធរំដោះទឹកដែលបានចុះពិនិត្យរួមមាន ដូចជានៅក្រោយបឋមសិក្សាពិជ័យឧត្តុង្គ ,នៅលើផ្លូវលានស្រូវ ត្រង់ព្រំប្រទល់ ក្រុងកំពត និងស្រុកទឹកឈូ ,នៅបណ្តោយផ្លូវរថភ្លើង លើផ្លូវមាកេង ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត និងនៅត្រង់ចំណុចបេនឡានខេត្តកំពត។
ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹក លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដោយស្នើដល់អភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ត្រូវហាមឃាត់មិនឲ្យមានការសាងសង់រោង តូប លើចិញ្ជើមថ្នល់ និងហាមមិនឲ្យមានការ ចាក់ដីដោយមិនមានកប់ប្រព័ន្ធលូត្រឹមត្រូវ។ ស្នើឲ្យចៅសង្កាត់ទាំងប្រាំ កាប់មែកឈើ ឲ្យបានស្អាតនៅតាមបណ្តោយដងផ្លូវ។ ហើយលោកអភិបាលក្រុងត្រូវពិនិត្យសណ្តាប់ធ្នាប់នៅចំណុច បេនឡាន កុំឲ្យមានភាពអាណាធិបតេយ្យ និងត្រូវពិនិត្យ ជួសជុលគំរបលូនៅក្នុងក្រុងទាំងអស់ឲ្យបានស្អាត៕