(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកំពត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះរួមមាន លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត កម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបប្រមាណ២០០នាក់។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានជម្រាបជូនអំពីមុខសញ្ញានៃគ្រោះមហន្តរាយ ក្នុងខេត្តកំពត និងការងារជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមជាមួយកាកបាទក្រហម និងសប្បុរសជន បានដោះស្រាយ ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះ កន្លងមក។ ហើយលោកអភិបាលខេត្ត បានបញ្ជាក់អំពីការងារដែលត្រូវអនុវត្តបន្តរួមមាន សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការជាតិ អន្តរជាតិ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ដោយត្រៀមបម្រុង កៀរគរធនធាន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះអាសន្ន និងផ្សព្វផ្សាយប្រព័ន្ធប្រកាសឲ្យដឹងមុនពីគ្រោះអាសន្ន (១២៩៤) និងផ្សព្វផ្សាយច្បាប់ស្តីពីគ្រប់គ្រងគ្រោះមហន្តរាយ។
ព្រមជាមួយនេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងបានខ្វល់ខ្វាយយកចិត្តទុកដាក់ខ្ពស់ អញ្ជើញចុះបំពេញបេសកកម្មដោយផ្ទាល់នៅលើទឹកដីខេត្តកំពតនាពេលនេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សហការគ្នាបានល្អក្នុងការឆ្លើយតបទាន់ពេលវេលា ដើម្បីមានវិធានការទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះកន្លងមក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ដែលមកពីបណ្តាក្រុង ស្រុកចំនួន ៨៣នាក់ ក្នុង១នាក់ ទទួលបានថវិកា ៥០០០០ម៉ឺនរៀលផងដែរ៕