បាត់ដំបង ៖ មុខសញ្ញាចោរលួច-ឆក់យ៉ាងសកម្ម តាមទីសាធារណៈម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតាមប្រម៉ាញ់ និងឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីជនរងគ្រោះម្នាក់ក្នុងវត្តគរ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំ៎បង កាលពីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ សេង អ៊ុយ ភេទប្រុស មុខបរ មិនពិតប្រកដ រស់នៅ ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ថែមទាំងមាន(កាតកាសែត) ចំនួនពីរសន្លឹកឈ្មោះផ្សេងគ្នា រូបថតតែមួយ។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាអ្នកកាសែតជំនាញប៉ុន្តែមហាជនអស់សំណើចយ៉ាងខ្លាំងគឺថាបុគ្គលនេះមានជំនាញពិសេស ជាចោរលួច-ឆក់ដែលសង្គមកំពុងស្អប់ខ្ពើមបំផុត។
ចំណែកជនរងគ្រោះឈ្មោះ កែវ ពិសិដ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិចំការឫស្សីសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានលុយចំនួន៣០មុឺនរៀលនិងដំបងដែកជ្រុង១ដើមដែលខ្លួនវាយជនរងគ្រោះដើម្បីរំដោះខ្លួនចេញពីកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី ៕
ដោយ សុខ កុសល