(ខេត្តកំពត)៖ មជ្ឈដ្ឋានទូទៅបានលើកឡើងថា មិនយូរទេ បឹងឈូកស្ថិតក្នុងភូមិបឹងធំ ឃុំអង្គសុរភី នឹងអនុញ្ញាតឲ្យចេញប្លង់រកម្មសិទ្ធិហើយ ព្រោះរដ្ឋបាលស្រុកកំពង់ត្រាចអនុវត្តតាមគោលការណ៍ឈ្នះ ឈ្នះ របស់លោកអភិបាលខេត្តកំពត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលចំណុចបឹងឈូកទាំង៣៧គ្រួសារ នៃឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច គួរតែប្រញាប់ប្រញាល់ដាក់សំណើរធ្វើប្លង់បឹងឈូកដែរទៅ បើមិនបានច្រើនក៏សុំត្រឹម ឈ្នះៗដែរ។
ចំពោះគម្រោងចេញប្លង់បឹងធម្មជាតិឲ្យពលរដ្ឋកាន់កាប់ដោយស្របច្បាប់បែបនេះ គេរំពឹងថា អនាគតភូមិសាស្ត្រផ្ទៃបឹងឈូកខាងលើពិតជាបាត់រូបរាងគ្មានសល់ ព្រោះបឹងធម្មជាតិដែលបន្សល់ពីដូនតាទាំងប៉ុន្មាន នឹងវិនាសសាបសូន្យមិនខាន។
សូមជម្រាបថា បឹងឈូកដែលអាជ្ញាគ្រោងចេញប្លង់កម្មសិទ្ធិជូន លោកតា សំ អេន គឺជាជ្រលងបង្ហូរទឹកនិងជាបឹងធម្មជាតិសម្រាប់ប្រើប្រាស់រួមគ្នា ដែលមានក្បាលដីជាប់ផ្លូវជាតិជិត១០០ម៉ែត្រ ប៉ុន្តែបន្ទាប់ពីដីនៅចំណុចបឹងឈូកមានតម្លៃមហាសាល បុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានពឹងពាក់ឲ្យមន្ត្រីលោភលន់ពីរ បីនាក់គូសប្លង់បង្ហាញទីតាំងដើម្បីស្នើសុំធ្វើប្លង់បឹងឈូកនេះសម្រាប់វាស់ចែកគ្នា។
ក្រោយពីមានការទន្ទ្រានបឹងឈូក ប្រជាពលរដ្ឋដែលរស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ជិត២០០គ្រួសារក៏បានជំទាស់តវ៉ា ដោយមិនអនុញ្ញាតឲ្យបុគ្គលមួយគ្រួសារខាងលើបំពានបឹងឈូកនេះយកធ្វើជាសម្បតិ្តឯកជននោះឡើយ ព្រោះចំណុចនេះជាផ្លូវបណ្តោះទឹកជំនន់ ហើយករណីទន្ទ្រាននេះក៏បានស្ងប់ស្ងាត់រយៈពេលជាងមួយឆ្នាំមកហើយ ដោយខណៈនោះរដ្ឋបាលស្រុកក៏បានទប់ស្កាត់យ៉ាងអហង្កា ដាច់ខាតមិនព្រមចុះហត្ថលេខាដើម្បីចេញប្លង់កម្មសិទ្ធិជូនបុគ្គលមួយគ្រួសារនោះឡើយ។
ស្រាប់តែនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុកកំពង់ត្រាច បានកោះហៅប្រជាពលរដ្ឋក្នុងភូមិដាសស្គរប្រមាណ១០នាក់ដើម្បីប្រជុំជូនដំណឹងដល់ប្រជាពលរដ្ឋដើម្បីចេញប្លង់ឲ្យលោកតា សំ អេន ឲ្យបានរួចរាល់ ដោយការប្រជុំនេះមិនអនុញ្ញាឲ្យអ្នកសារព័ត៌មានថតយករូបភាពទៅផ្សព្វផ្សាយឡើយ..។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច សំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយតាមដាន វាយតម្លៃរាល់បញ្ហាប្រឈម ផលប៉ះពាល់ និងពិនិត្យរាល់សកម្មភាពការងាររបស់មន្ត្រីថ្នាក់ក្រោមផង តើមន្ត្រីទាំងនោះអនុវត្តបានត្រឹមត្រូវដែរឬទេ?៕