មន្ទីរ​សាធារណ​:​ការ​ខេត្តព្រះវិហារ ទទួល​បាន​រថយន្ត​១​គ្រឿង និង​សម្ភារ​បំរើ​ឲ្យ​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

ព្រះវិហារ​÷ ក្នុងទិសដៅ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរ​ជា​ការ កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ កំពុងតែ​យកចិត្តទុកដាក់​ធ្វើការ​ជួសជុល ថែទាំ​ផ្លូវថ្នល់​ជា​ប្រចាំ​នៅ​ទូទាំង​ខេត្ត ក្រុង ស្រុក​នោះ ឯកឧត្តម ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រគល់​រថយន្ត​១​គ្រឿង និង​សម្ភារ​បរិក្ខា​មួយចំនួនទៀត ដើម្បី​ជា​មធ្យោបាយ​ដល់​មន្ទីរ​សម្រាប់​ដំណើរការ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​មួយកម្រិត​ទៀត​ផង​ដែរ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ថា ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​ជា​និច្ច​ជា​កាល​បាន​យកចិត្តទុកដាក់ គិតគូរ​ចំពោះ​បញ្ហា​កង្វះ​ខាត​មធ្យោបាយ និង​សម្ភារ​សម្រាប់​មន្ទីរ​បំរើ​ឲ្យ​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ជាមួយ​នឹង​ការទទួល​បាន​នូវ​ការលើកទឹកចិត្ត​ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​នឹង​ប្តេជ្ញា​យកចិត្តទុកដាក់​ថែម​ទៀត​បំពេញ​ភារកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទ្វេរ​ដង ស្រប​តាម​តួនាទី​ភារកិច្ច​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រគល់​ឲ្យ​ផង​ដែរ​។​

​លោក សំ លាង​ទ្រី ក៏​បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​បុគ្គលិក កម្មករ​ទាំងអស់ សូម​ថែរក្សា​អ្វី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ក៏​ដូច​ជា​អំណោយ​ផ្សេងៗ​ទៀត ដើម្បី​ប្រយោជន៍​ឲ្យ​ការប្រើប្រាស់ បាន​យូរអង្វែង​ប្រកបដោយ​គុណភាព​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *