ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី២ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានរតនាគារថ្មីខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានរតនាគារជាតិ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោក ហៀង សុងហួត មកពីរតនាគាររាជធានីភ្នំពេញ ផ្លាស់មកកាន់តំណែងជាប្រធានរតនាគារថ្មីខេត្តប៉ៃលិន ដោយឡែក
លោក សុទ្ធ ឃុនថាល អតីតប្រធានរតនាគារខេត្តប៉ៃលិនដែលត្រូវដល់អាយុចូលនិវត្តន៍។
លោក សុទ្ធ ឃុនថាល អតីតប្រធានរតនាគារដែរត្រូវដល់វយ័ចូលនិវត្តន៍ បានឡើងធ្វើរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រតនាគារខេត្តប៉ៃលិនរយៈពេលប្រមាណ២០ឆ្នាំកន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
នៅក្នុងឱកាសនោះ លោក ហៀង សុងហួត ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានជាដាច់ខាតតាមបាវចនា២ និងអភិក្រម៥របស់សម្តេចតេជោ ហ៊ុន សែន គោរពប្រតិបត្តិឲ្យបាននូវអភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។
ជាមួយគ្នានោះ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានស្នើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរតនាគារខេត្តប៉ៃលិន ទាំងអស់ ត្រូវគោរពក្រមសីលធម៌ ក៏ដូចជាការចូលរួមសហការឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឲ្យបានល្អ ជាពិសេសអនុវត្តឱ្យបានយ៉ាងទៀងទាត់ នូវការបើកផ្តល់ប្រាក់បៀវត្សនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៤ ជូនដល់មន្ត្រីទាំងអស់នៅតាម បណ្តាមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្តប៉ៃលិន ស្រុក ក្រុង ឃុំ សង្កាត់ ព្រមទាំងសហការក្នុងការអនុវត្តកម្មវិធីចំណូល-ចំណាយ ថវិការដ្ឋឱ្យបានល្អប្រសើរ ក្នុងតួនាទីជាគណនេយ្យករមុខការ ដើម្បីរួមចំណែកអភិវឌ្ឍន៏ ខេត្តប៉ៃលិនឱ្យមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកដែលមកឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំការងារឲ្យបានល្អប្រសើរ មានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
នាឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើរដល់លោក ហៀង សុងហួត ទើបឡើងកាន់តំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិការងារឲ្យបានតាមការណែនាំ និងអនុវត្តតាម អភិក្រម៤ប្រការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយបានខ្ជាប់ខ្ជួននោះគឺ ១, អនុវត្តការងារប្រកបដោយវិជ្ជាជីរ: ក្រមសីលធម៍ , អនុវត្តការងារជាក្រុម, អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯងនោះឡើយ៕