ខេត្តប៉ៃលិន ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមប្រកាសតែងតាំង លោក យូ ពៅ ត្រូវបានចូលកាន់តំណែងជាប្រធានមន្ទីរព័ត៌មាន ខេត្តប៉ៃលិនជំនួសប្រធានចាស់ ដែលត្រូវទៅកាន់ជាទីប្រឹក្សាក្រសួងព័ត៌មាន ។
ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកគណៈប្រតិភូមិអមលោករដ្ឋ និងអស់លោកជាប្រធានមន្ទីរព័ត៌មាន តាមបណ្តាលខេត្តមួយចំនួន ព្រមទាំងអស់លោកជាប្រធានមន្ទីរស្ថាប័ណ្ណជុំវិញខេត្ត ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានសម្រេចតែងតាំងលោក យូ ពៅ ពីអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម មកជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ចំណែក លោកជំទាវ ស្រ៊ី ចាន់អេង ដែលបានស្នើសុំទៅបំរើការនៅកន្លែងផ្សេងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ សូមឲ្យលោកប្រធានមន្ទីរព័ត៌មានថ្មី ត្រូវបន្តដឹកនាំធ្វើយ៉ាងណាឲ្យវិស័យព័ត៌មានលឿន ប្លែក និងជឿទុកចិត្តបាន ។ ជាពិសេសអ្វីដែលលោកចង់បាន គឺចង់ឲ្យប្រធានថ្មី បង្កើតឲ្យបាននូវមេគ្រូតាមគោលដៅនានា ដើម្បីផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋក្មុងខេត្ត ។ ម្យ៉ាងទៀតមិនត្រូវយកតែបក្ខពួករបស់ខ្លួន នាំឲ្យមានការប៉ះពាល់ដល់មន្ត្រីថ្នាក់ក្រោម ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីទាំង អស់ក្នុងក្រសួងពត៌មានមិនត្រូវធ្វើជាតួឯកទេ ត្រូវចេះធ្វើការជាក្រុមសហការសាមគ្គីផ្ទៃក្នុងធ្វើការចេះទទួលខុសត្រូវគោរពតួនាទីបែងចែកតួនាទីតាមការងារដោយតម្លាភាព ។
ប្រធានមន្ទីរខិតខំបង្កើតប្រព័ន្ធ អនឡាញទាំងទូរទស្សន៍ និងវិទ្យុ ដើម្បីបំរើពលរដ្ឋ និងបញ្ជូនពត៌មានដល់ថ្នាក់ដឹកនាំ ។
គោលការណ៍ មានមុខសញ្ញា២ គឺមុខសញ្ញារឹង និងមុខសញ្ញាទន់ លោកបានបញ្ជាក់ថា មុខសញ្ញារឹងគេប្រើយោធា រីឯមុខសញ្ញាទន់វិញ គេប្រើបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញនេះឯង ហើយប្រព័ន្ធនេះ វាគ្រោះថ្នាក់ណាស់ ៕