(ខេត្តកែប)៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំសហការី ដើម្បីរៀបចំពិធីក្រុងពាលី សាងសង់ផ្សាររាត្រី ស្ថិតចំណុចមាត់ឆ្នេរ(ខាងត្បូងផ្សារក្តាម) ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ការរៀបចំពិធីនេះ ត្រូវបានប្រព្រឹត្តទៅតាមបែបប្រពៃណីទំនៀមទម្លាប់តាំងពីយូរលង់ ដោយមានការប្រគុំភ្លេងពិណពាទ្យ និងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកស្នងការនគរបាលខេត្ត និងអភិបាលក្រុងកែប។
ចំពោះការសាងសង់ផ្សាររាត្រីនេះ លោក កែនសត្ថា អភិបាលខេត្តកែបក៏បានលើកឡើងថា នេះជាគម្រោងមួយមានគោលដៅសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបម្រើលើផ្នែកវិស័យទេសចរណ៍ឲ្យកាន់តែមាននិរន្តរភាព។លើសពីនេះការបង្កើតឲ្យមានផ្សាររាត្រីពិតជាបានទាក់ទាញដល់អ្នកទេសចរណ៍គ្រប់ជាតិសាសន៍ឲ្យចូលមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើង។
លោកអភិបាលខេត្តកែបបានបញ្ជាក់ផងដែរថា ពេលណាខេត្តកែបមានផ្សាររាត្រី ខេត្តរបស់យើងពិតជាធ្វើឲ្យមហាជគ្រប់ស្រទាប់មានភាពរីករាយ ដោយគេមានឱកាសបានដើរទស្សនាការតាំងលក់ទំនិញគ្រប់ពេល ជាពិសេសពេលរាត្រី៕