(ខេត្តកែប)៖ គម្រោងសាងសង់ផ្សារ រាត្រីស្ថិតក្នុងរមណីយ ដ្ឋានឆ្នេរកែបនឹងចាប់ផ្តើម បញ្ចេញរូបរាងនៅពេល ខាងមុខនេះហើយ។
នេះបើយោងតាម ការបញ្ជាក់អះអាងពី លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានលើកឡើងកាល ពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។
លោកប្រធានបាន បញ្ជាក់ផងដែរថា ដោយផ្អែកតាមសំណើរ សុំដាក់ទុនវិនិយោគលើទី តាំងផ្សាររាត្រី ស្ថិតចំណុចក្បែរផ្សារក្តាម នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងអនុលោមតាម ចរាចរណែនាំ លេខ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើមូលដ្ឋានវាយតម្លៃរបស់គណៈកម្មការចម្រុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមសម្រេចផ្នែក ហិរញ្ញវត្ថុនៃគម្រោង សាងសង់នេះ ដោយចំណាយដើម ទន់វិនិយោគចំនួន ៦៩៦.៥៥២ដុល្លារ អាមេរិក សម្រាប់សាងសង់ផ្សារ ចំណតជលយានទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដទៃទៀត។
លើសពីនេះ រដ្ឋបាលខេត្តត្រូវ បន្តនីតិវិធីដូចមានចែង តាមចរាចរណែនាំខាងលើ ព្រមទាំងទទួលខុស ត្រូវរាល់បាតុភាព ដែលកើតមានឡើង ជាយថាហេតុចំពោះ គម្រោងនេះផងដែរ។
បន្ទាប់ពីមានគម្រោងបង្កើតឲ្យមានផ្សាររាត្រីនៅតំបន់ទេសចរណ៍ឆ្នេរកែប មហាជនបានសម្តែងការរីករាយ ដោយពួកគាត់បានលើកឡើងផងដែរថា ពេលណាខេត្តកែបមានបង្កើតផ្សាររាត្រី ពិតជាផ្នែកមួយជួយបង្កើនសោភ័ណភាពខេត្តទេសចរណ៍បន្ថែមមួយកម្រិតទៀត ដើម្បីទាក់ទាញក្រុមអ្នកទេសចរណ៍ចូលមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើងៗ។
យ៉ាងណាមិញ ការបង្កើតឲ្យមានផ្សារាត្រី នៅខេត្តកែបក្រៅពីបង្កើនភា ពទាក់ទាញលើផ្នែក ទេសចរណ៍ កាន់តែមាននិរន្តរភាព នេះក៏អាចចាត់ទុក ជាសមិទ្ធផលថ្មីសន្លាង មួយរបស់ខេត្តកែបផងដែរ។
មហាជនបានរំពឹងទុកថា បន្ទាប់ពីមានការសាង សង់ផ្សាររាត្រីនៅខេត្តកែប ភ្ញៀវទេសចរណ៍នឹង សម្រុកមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើង ដើម្បីស្រូបយកខ្យល់អាកាស ដ៏បរិសុទ្ធនៅទីនេះ ពិសេសបានភ្លក្សរស ជាតិអាហារគ្រឿង សមុទ្រយ៉ាងឆ្ងាញ់ពិសារ ដែលអ្នកផងទាំងពួងនិយម ចូលចិត្តទៀតផង។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្សារ រាត្រីនៅខេត្តកែប គឺជាគម្រោងមួយដែល រដ្ឋបាលខេត្តកែប បានដាក់សំណើជូន មន្ត្រីជំនាញក្រសួងហិរញ្ញវត្ថុ ចូលរួមវាយតម្លៃលើ ផ្នែកហិរញ្ញវត្ថុនៃគម្រោង ដាក់ទុនវិនិយោគ លើទីតាំងផ្សារាត្រី ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមលិខិតលេខ ១៣៤២ សហវ.អទច ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ដោយ លោក សេង ណារិទ្ធ